កម្ពុជាដែលបានចាកចេញពីស្ថានភាពប្រទេសចំណូលទាបមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនិងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍប្រទេសចេញពីភាពខ្ទេចខ្ទាំនៃភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍។
ពេលនេះ រាជរដ្ឋាភិបាលកំពុងបោះជំហានឆ្ពោះទៅសម្រេចគោលដៅធំៗពីរទៀតគឺ នៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។
ដើម្បីសម្រេចគោលដៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ បន្តពីយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដ៏ខ្លាំងពូកែរបស់កម្ពុជា។
ចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល គឺការសម្លឹងឆ្ពោះទៅសម្រេចគោលដៅបើទោះបីជានៅតាមផ្លូវមានអ្នកចាំរារាំងដំណើរយ៉ាងណាក្តី។ សម្តេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់លើកយកទ្រឹស្តីអតីតមេដឹកនាំលោកខាងលិចមួយរូបមកបញ្ជាក់ថា «បើរវល់តែរើសដុំថ្មគប់ឆ្កែដែលព្រុសយើងនៅតាមផ្លូវ យើងមិនអាចដើរដល់គោលដៅបានឡើយ»។
នៅកម្ពុជា ការស្តារប្រទេសចេញពីគំនរផេះនៃភ្នក់ភ្លើងសង្គ្រាម និងសោកនាដកម្មប្រល័យពូជសាសន៍គឺជាវិញ្ញាសាដ៏លំបាកលំបិនពេកទៅហើយ។ ប៉ុន្តែ បន្ថែមពីលើនេះ នៅមានក្រុមអគតិជ្រុលនិយមមួយក្តាប់តូចដែលជ្រកក្រោមស្លាក «ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្លែងក្លាយ» រង់ចាំរារាំងផ្លូវដើម្បីបំផ្លិចបំផ្លាញគ្រប់ដំណាក់កាល។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមិនដែលងាកចេញពីគោលដៅរបស់ខ្លួនឡើយ។
ដោយមានមេដឹកនាំខ្លាំងពូកែ មានការគាំទ្រដ៏រឹងមាំពីប្រជាពលរដ្ឋម្ចាស់ឆ្នោត និងទទួលបានកិច្ចសហការយ៉ាងពេញទំហឹងពីសហគមន៍អន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាពិតជាមានថាមពលដ៏ខ្លាំងក្លាក្នុងការឈានឆ្ពោះទៅសម្រេចគោលដៅឆ្នាំ២០៣០ និង២០៥០ របស់ខ្លួន។ ការរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងប្រក្រតីភាពនៃការអភិវឌ្ឍប្រទេស គឺជាអាទិភាពចម្បងទី១ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឈានឆ្ពោះទៅសម្រេចគោលដៅនេះ។
ប្រជាពលរដ្ឋខ្មែរគ្រប់រូបកំពុងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រេចគោលដៅប្រកបដោយមោទនភាពនេះក្នុងរយៈពេលមិនយូរប៉ុន្មានខាងមុខ៕
អត្ថបទដោយឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល