នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខេត្តព្រះសីហនុបានទទួលនាវាទេសចរណ៍ឈ្មោះ WESTERDAM ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដែលមានភ្ញៀវទេសចរចម្រុះសញ្ជាតិ សរុបប្រមាណ ១៨៧៣នាក់ និងនាវិកចំនួន ៧៧៦នាក់។ ភ្ញៀវទេសចរនាវានេះ នឹងទៅទស្សនាគោលដៅទេសចរណ៍នានានៅកម្ពុជា រួមមានតំបន់ឆ្នេរ វត្តអារាមនិងផ្សារក្នុងខេត្តព្រះសីហនុ រាជធានីភ្នំពេញ សៀមរាប កំពត កែប និងកំពង់ស្ពឺ ជាដើម។ នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៍។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ WesterDam បានចូលសំចតក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោង០៧ និហ៤០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ។ កងកម្លាំងក្រុងព្រះសីហនុ បានចេញប្រតិបត្តិការល្បាតចល័ត និងឈរជើងតាមគោលដៅ ជួយសម្រួលចរាចរណ៍លើដងផ្លូវ ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ ជូនភ្ញៀវទេសចរណ៍អន្តរជាតិ ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ។
លោកមេបញ្ជាការបញ្ជាក់ថា នាវា Westerdam ដែលមានបណ្តោយ ២៨៥,២២ម៉ែត្រ ទទឹង ៣២,២៥ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២១:០០នាទី បន្តទៅប្រទេសថៃ។
គួររំលឹកថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ នាវាទេសចរណ៍ខ្នាតយក្ស Westerdam មកកាន់កម្ពុជាជាលើកទី២ បន្ទាប់ពីវិបត្តិកូវីដ១៩ ដោយបាននាំអ្នកទេសចរជាង ២ពាន់នាក់។ អំឡុងពេលវិបត្តិជំងឺកូវីដ១៩ នាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលជាទង្វើមនុស្សធម៌ ជួយសង្គ្រោះជីវិត លើកកម្ពស់សិទ្ធិរស់រានមានជីវិត និងផ្តល់គុណតម្លៃនៃមនុស្សជាតិ។
តាមរយៈការចូលចត នាវានេះជាលើកទី៣ នៅដើមឆ្នាំ២០២៤នេះ ហើយត្រូវបានចែករំលែកនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ដែលនឹងធ្វើឱ្យពិភពលោកកាន់តែស្គាល់កម្ពុជាបន្ថែមទៀត។ ការណ៍នេះ អាចនាំឱ្យមានការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន នាពេលអនាគត៕
អត្ថបទ៖ អក្ខរា