អាជ្ញាធរបំភ្លឺ៖ បុគ្គលដែលផ្ញើសារទៅសម្តេចថា មានមន្ត្រីប្លន់ដីរាស្ត្រនៅខេត្តក្រចេះ ជាអ្នកទន្ទ្រានដីសម្បទានសង្គមកិច្ច

កន្លងមកនេះ មានគណនីតេឡេក្រាមឈ្មោះ គ្រូ ឈង បានផ្ញើសារផ្ដល់ព័ត៌មានចូលក្នុងតេឡេក្រាម សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលមានខ្លឹមសារថា “សម្តេចពុក សម្តេចម៉ និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បុត្រា បុត្រី ទាំងប្រឹង ប្រែងតស៊ូជាតិសាសនាព្រមទាំងប្រជាពលរដ្ឋអោយរស់សុខសប្បាយ។ តែពេលនេះនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ មានមន្ត្រីពាក់ព័ន្ធខោអាវស៊ីវិលមកប្លន់ដីប្រជាពលរដ្ឋទៅវិញ។ ហ៊ឹសអស្ចារ្យណាស់រំដួល ស្រុកខ្ញុំ ”។

ជុំវិញករណីនេះ រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០ មានគ្រោះទឹកជំនន់ទន្លេមេគង្គដែលបណ្ដាល ឱ្យបាក់ច្រាំងទន្លេខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២១គ្រួសារ នៅឃុំឆ្លូង ស្រុកឆ្លូង ដើម្បីដោះស្រាយការលំបាករបស់ ប្រជាពលរដ្ឋ អាជ្ញាធរខេត្តបានស្នើសុំរាជរដ្ឋាភិបាល កាត់ផ្ទៃដីចំនួន ៣,៧៧ហិកតា ដីចំការម៉ៃសាក់ ស្ថិតនៅភូមិ ហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ ចេញពីការគ្រប់គ្រងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ជាដីសម្បទានសង្គមកិច្ច ដោយរៀបចំជាឡូត៏ដីចំនួន ៩០ឡូត៏ ដីបម្រុងទុកចំនួន ១,២៨៥ហិកតា រក្សាទុក សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់បណ្តាលមកពីបាក់ច្រាំងទន្លេជាបន្តទៀត ក្នុងនោះបានផ្ដល់ ជូនប្រជាពលរដ្ឋរងគ្រោះចំនួន ២១ឡូតិ៍ និងដីតំបន់រដ្ឋបាលចំនួន ៦ឡូតិ៍ ផ្ដល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំហាន់ជ័យ សម្រាប់សាងសង់ប៉ុស្តិ៍ចំនួន ៣ឡូតិ៍ នៅក្នុងឆ្នាំ២០២៤។

រដ្ឋបាលខេត្តក្រចេះ បានឲ្យដឹងថា គណនីតេឡេក្រាមឈ្មោះ គូ ឈាង មានឈ្មោះ លឹម សុខឈង បច្ចុប្បន្នរស់នៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ដោយកន្លងមកបុគ្គលនេះបានធ្វើសកម្មភាពចូលទន្ទ្រាន និងកាន់កាប់ដីសម្បទាន សង្គមកិច្ចខាងលើជាច្រើនលើក។ ថ្មីៗនេះ បុគ្គលនេះបានសង់រោងដែក ដាំដុះដំណាំ និងដាំបង្គោលភ្លើងបំពាក់សូឡានៅលើទីតាំងដីសម្បទានសង្គមកិច្ច ទោះបីជាអាជ្ញាធរឃុំ និងស្រុក បានណែនាំ ដោះស្រាយ និងហាមឃាត់ ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏បុគ្គលនេះមិនអនុវត្តតាមការណែនាំឡើយ។

ជុំវិញករណីខាងលើនេះ ទីតាំងដីសម្បទានសង្គមកិច្ចចំការព្រៃម៉ៃសាក់ ស្ថិតនៅភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ មានស្ថានភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋទទួលបានដីសម្បទានសង្គមកិច្ចរស់ នៅជាធម្មតា មានតែឈ្មោះ លឹម សុខឈង ម្ចាស់គណនីតេឡេក្រាមឈ្មោះ គូ ឈាង នេះទេ ដែលចូលទៅទន្ទ្រាន កាន់កាប់នៅទីតាំងដីសម្បទានសង្គមកិច្ចនោះ។ ដូច្នេះ ការផ្ញើសារផ្ដល់ព័ត៌មានចូលក្នុងតេឡូក្រាម សម្ដេចតេជោ គឺជាការបំភាន់ព័ត៌មាន និងប្រឌិតរឿងឡើងក្នុងគោលបំណងបង្ហូចកិត្តិយសមន្ត្រីរាជការ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច។ នេះការបញ្ជាក់បន្ថែមពីរដ្ឋបាលខេត្តក្រចេះ៕

អត្ថបទ៖ អក្ខរា