ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបជាមួយ ឯកឧត្តមបណ្ឌិត Kunihiko Hirabayshi អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ដើម្បីពិភាក្សាអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញភាពជាដៃគូរវាងផ្នែកសាធារណៈ និងឯកជនក្នុងវិស័យទេសចរណ៍។
ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការបានបញ្ជាក់ពីការប្តេជ្ញាបន្តគាំទ្រយ៉ាងមុតមាំដល់កម្ពុជាចំពោះការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ដល់អ្នកបម្រើការក្នុងវិស័យទេសចរណ៍ និងធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាពដល់ការអភិវឌ្ឍវិស័យទេសចរណ៍ថែមមួយកម្រិតទៀត។
សូមជម្រាបថា ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍កម្ពុជាចូលរួមវេទិកាទេសចរណ៍អាស៊ាន ២០២៤ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៣-២៧ ខែមករា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នាឱកាសវេទិកាទេសចរណ៍អាស៊ាននេះ ឯកឧត្តមរដ្ឋមន្ត្រី នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានលើកទី២៧ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូក៣ កិច្ចប្រជុំរដ្ឋមន្រ្តីទេសចរណ៍អាស៊ាន-ឥណ្ឌា និងកិច្ចប្រជុំជាមួយប្រទេស និងអង្គការដៃគូពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្តមរដ្ឋមន្ត្រី ក៏នឹងឆ្លៀតឱកាសជួបប្រជុំទ្វេភាគីជាមួយប្រទេសសមាជិកអាស៊ាន និងអង្គការដៃគូមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ាន និងកម្ពុជា៕
អត្ថបទ៖ អក្ខរា