សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសទៅកាន់កងទ័ពថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សាឱ្យបាននូវសុខសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤ មករា ១៩៩៩-២៤ មករា ២០២៤)។ ពិធីនេះរៀបចំឡើងនៅទីបញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក យ៉ាងមហោឡារឹកបំផុង ដោយមានការបង្ហាញកម្លាំង​កង​ទ័ព និងយុទ្ធោបករណ៍មកពីតាមបណ្តាអង្គភាពនានាចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៅកាន់កងទ័ពថា ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សាឱ្យបាននូវសុខសន្តិភាព។ សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី ដាក់ចេញកំណែទម្រង់ជាច្រើន ដើម្បីពង្រឹងសមត្ថភាពកងទ័ព។ ប៉ុន្តែការកែទម្រង់ ធ្វើទំនើបកម្មកងទ័ព គឺមិនត្រូវឱ្យបាត់ស្មារតីការពារជាតិ ស្មោះត្រង់នឹងជាតិ និងប្រជាជន, ស្មារតីការពារជាតិ សាសនា និងព្រះមហាក្សត្រ និងការថែរក្សាសុខសន្តិភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទោះបីធ្វើកំណែទម្រង់ តែមិនត្រូវបាត់បង់ស្មារតីលើកតម្កើងកិត្យា​នុភាពជាតិ។ ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជាការដ្ឋានកងទ័ពជើងគោកបន្តធ្វើកំណែទម្រង់ពង្រឹង​រចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពកម្លាំង និងបំពាក់ផ្សេងៗ និងបានណែនាំកងទ័ពជើងគោកបន្តស្រាវជ្រាវហ្វឹកហាត់ ដើម្បីឆ្លើយតបការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងស្ថានភាពរបស់ពិភពលោក៕

អត្ថបទ៖ អក្ខរា