នៅសល់តែប៉ុន្មានថ្ងៃទៀតកញ្ញា កុយ អេណា Miss Grand Cambodia 2023 លំដាប់រងទី ១ នឹងចេញទៅប្រទេស ញូវហ្សេឡែន ដើម្បីតាមរកក្តីស្រមៃខ្លួន ដោយសុខចិត្តបោះបង់ប្រាក់រាប់ម៉ឺនដុល្លារចោល ។
ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីល្បាញ ស្រាប់តែកញ្ញា កុយ អេណា បានត្រៀមវិចសំពាយចេញទៅប្រទេស ញូវហ្សេឡែន ដើម្បីបន្តការសិក្សា និង រស់នៅជាមួយម្តាយរបស់ខ្លួនតាមការសន្យា ។
បើតាមគម្រោងកញ្ញា កុយ អេណា នឹងចេញទៅប្រទេស ញូវហ្សេឡែន នៅថ្ងៃទី ២៦ នេះ ជាមួយម្តាយខ្លួន ។ កុយ អេណា បានប្រាប់ថា នាងចេញទៅលើកនេះគឺប្រហែលជារយៈពេល កន្លះឆ្នាំទៅ មួយឆ្នាំ ដើម្បីបន្តការសិក្សា និង រៀនភាសា អង់គ្លេស ឱ្យខ្លាំង មុននឹងត្រឡប់មកប្រទេស កម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីសម្រស់ណាមួយទៀត ។
គ្រាន់តែសម្រេចចិត្តបោះបង់ការងារសិល្បៈចោល និង ត្រៀមខ្លួនចេញទៅប្រទេស ញូវហ្សេឡែន កញ្ញា កុយ អេណា បានខាតបង់ប្រាក់ចំណូលរាប់ម៉ឺនដុល្លារ រាប់ទាំងការងារថតស្ពត បង្ហាញម៉ូដ និង ថតផលិតផលធំៗជាដើម…។
កញ្ញា កុយ អេណា មានការសោកស្តាយជាខ្លាំងនៅពេលដែលខ្លួនកំពុងល្បីឈ្មោះ តែបែរជាបោះបង់ចោលឱកាសមាស ឱកាសប្រាក់ចោលបែបនេះ តែដើម្បីបំពេញបំណងម្តាយ និង បំពេញបំណងខ្លួនឯង នាងត្រូវតែសម្រេចចិត្តជ្រើសរើសមួយ ៕