សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំធ្វើនូវធារាសាស្រ្ត ទឹកជាច្រើនកន្លែងថែមទៀត ដើម្បីជួយសម្រួលដល់បងប្អូនប្រជាកសិករប្រកបកសិកម្មឲ្យកាន់តែល្អប្រសើរបន្ថែម ខណៈបងប្អូនប្រជាពលខ្មែរភាគច្រើនប្រកបមុខរបរកសិកម្មនោះ។
សម្តេចធិបតីថ្លែងអះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃនីតិកាលរដ្ឋសភានេះមិនព្រងើយកន្តើយចំ ពោះវិស័យកសិកម្មនោះឡើយ ដោយរាជរដ្ឋាភិបាលបានបន្តមិនយកពន្ធអាករពីប្រជាកសិករ និងលើក លែងពន្ធនូវជី និងថ្នាំសម្រាប់កសិកម្ម និងជួយតាមរយៈគោលនយោបាយផ្សេងៗទៀតជាដើម។ ការថ្លែងយ៉ាងដូច្នេះរបស់មសម្តេចនាយករដ្ឋមន្រ្តីធ្វើឡើងក្នុងវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ រសៀលថ្ងៃអង្គារ ទី១០ ខែកញ្ញានេះ។
សម្ដេចធិបតីបានបញ្ជាក់ថា តាមរយៈគោលនយោបាយអនុគ្រោះនានារបស់រាជរដ្ឋាភិបាល ជំរុញឱ្យមានការរីកចម្រើនជាជំហានៗក្នុងវិស័យកសិកម្ម តួយ៉ាងផលិត កម្មស្រូវបានកើនដល់ ១២.៤៥លានតោនស្រូវសើម នៅឆ្នាំ២០២២-២០២៣ និងបាននាំចេញអង្ករចំនួន ៦៥៦ ពាន់តោនអង្ករ ដែលគិតជាទឹកប្រាក់បានចំនួន ៤៦៦ លានដុល្លារសហរដ្ឋអាមេរិក និងបាននាំចេញស្រូវចំនួន ៤.៣៩ លានតោនស្រូវ ដែលគិតជាទឹកប្រាក់បានចំនួន ១.៣២ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់បន្ថែមថា ជារួម ការនាំចេញស្រូវ និងអង្ករនៅឆ្នាំ២០២៣ មានទឹកប្រាក់សរុបចំនួន ១.៧៩ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ អ្វីដែលរឹតតែប្រសើរឡើងថែមទៀតនោះ គឺក្នុងរយៈពេល ១២ខែ (ខែសីហាឆ្នាំ ២០២៣ ដល់ ខែសីហា ឆ្នាំ២០២៤) នៃរាជរដ្ឋាភិបាលនីតិកាលទី៧នេះ វិស័យស្រូវអង្ករកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ គឺការនាំ ចេញអង្ករបានចំនួន ៧០៥,៦៣៨ តោន និងនាំស្រូវចេញបានចំនួន ៥,០២៧,៣៦៩តោន៕