កម្ពុជា ជឿជាក់លើចក្ខុវិស័យ និងការប្តេជ្ញាចិត្តនៃចលនាមិនចូលបក្សសម្ព័ន្ធ

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ជាតំណាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលលើកទី១៩ នៃចលនាមិនចូលបក្សសម្ព័ន្ធ (19th NAM Summit) ដែលប្រព្រឹត្តទៅនៅទីក្រុងកាំប៉ាឡា សាធារណរដ្ឋអ៊ូហ្គង់ដា។

តាមរយៈសន្ទរកថានាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅបំផុតរបស់សម្តេចមហាបវរធិបតី ទៅកាន់ឯកឧត្តម H.E Yoweri Kaguta Museveni ប្រធានាធិបតី នៃសាធារណរដ្ឋអ៊ូហ្គង់ដា ក៏ដូចជា សម្តែងការកោតសរសើរចំពោះរដ្ឋាភិបាលសាធារណរដ្ឋ Azerbaijan ចំពោះការដឹកនាំ និងសម្របសម្រួលដោយជោគជ័យនៃសកម្មភាពចលនាមិនចូលបក្សសម្ព័ន្ធក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះ។

ទន្ទឹមនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើងថា កិច្ចប្រជុំនេះគឺជាកំណត់ត្រាប្រវត្តិសាស្ត្រ ដែលផ្តល់ឱកាសឱ្យសមាជិកទាំងអស់អាចឆ្លុះបញ្ចាំងពីអតីតកាល និងរៀបចំផែនការសម្រាប់ទិសដៅអនាគតកាន់តែល្អប្រសើរ។ ក្នុងនាមជាសមាជិកនៃ NAM តាំងពីឆ្នាំ១៩៦១ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តប្រកាន់ខ្ជាប់គោលការណ៍ Bandung និង គោលការណ៍អនុម័តដទៃទៀតនៅក្នុងកិច្ចប្រជុំកំពូល Havana ក្នុងគោលបំណងពង្រឹងបន្ថែមទៀតនៅតួនាទី និងឋានៈជាវេទិកានយោបាយដ៏សំខាន់តំណាងឱ្យប្រទេសកំពុងអភិវឌ្ឍន៍។ កម្ពុជាប្តេជ្ញាចិត្តប្រកាន់ខ្ជាប់ពហុភាគីនិយម និងបន្តគោលនយោបាយការបរទេសឯករាជ្យ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអាស៊ាន ដែលប្រឆាំងនឹងការគំរាមកំហែងដោយប្រើប្រាស់កម្លាំង និងអំពាវនាវគាំទ្រយន្តការដោះស្រាយវិវាទដោយសន្តិវិធី។

ឯកឧត្តមបណ្ឌិតសភាចារ្យ បន្តថា ជាងពីរទស្សវត្សរ៍កន្លងទៅ កម្ពុជាបានប្រែក្លាយជ្រុងមួយនៃប្រវត្តិសាស្ត្រ ដោយការដោះស្រាយបញ្ចប់ជម្លោះផ្ទៃក្នុងជាស្ថាពរ ជាមួយនឹងឆន្ទៈនយោបាយដ៏រឹងមាំ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីកំណែទម្រង់ “សេដ្ឋកិច្ចទីផ្សារ” សម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ៧% ក្នុងអំឡុងពីរទសវត្សរ៍ចុងក្រោយនេះ និងបានឆ្លងផុតពីប្រទេសក្រីក្រ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ឈានទៅសម្រេចវឌ្ឍនភាពសង្គម និងវិបុលភាពសម្រាប់ជាតិ និងប្រជាជន។

កម្ពុជា ទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ South-South cooperation ដែលចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីកសាងភាពធន់នៃសេដ្ឋកិច្ច ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងធានាបាននូវយុត្តិធម៌សង្គម ដ៏ដូចជា ទទួលស្គាល់ពីភាពចាំបាច់នៃការចែករំលែកចំណេះដឹង បច្ចេកវិទ្យា និងធនធាន ដើម្បីដោះស្រាយបញ្ហាប្រឈមរួមគ្នា និងសម្រេចបាននូវគោលដៅរួម។

កម្ពុជាគាំទ្រនូវកំណែទម្រង់គ្រប់ជ្រុងជ្រោយរបស់អង្គការសហប្រជាជាតិ ឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្នរបស់ពិភពលោក ដែលកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញជាច្រើន ក្នុងបុព្វហេតុបម្រើផលប្រយោជន៍ប្រជាជន និងប្រជាជាតិ ប្រកបដោយប្រសិទ្ធភាព និងសមធម៌ ការរួបរួមគ្នាកសាងកម្លាំងសរុប ដើម្បីធានាថា អង្គការសហប្រជាជាតិជាស្នូល ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងជំរុញការអភិវឌ្ឍទាំងបច្ចុប្បន្ន និងអនាគត។ ក្នុងន័យនេះ កំណែទម្រង់ក្រុមប្រឹក្សាសន្តិសុខមានសារៈសំខាន់ណាស់ ក្នុងការពង្រឹង មិនត្រឹមតែភាពស្របច្បាប់របស់ក្រុមប្រឹក្សាប៉ុណ្ណោះទេ ប៉ុន្តែក្នុងអង្គការទាំងមូលតែម្តង។

កម្ពុជាគាំទ្រទាំងស្រុងចំពោះការអនុម័តឯកសារផលសម្រេច ក្នុងកិច្ចប្រជុំកំពូលលើកទី ១៩ នៃប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃចលនាមិនចូលបក្សសម្ព័ន្ធ ដែល នឹងក្លាយជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងកិច្ចសហការក្នុងចំណោមប្រទេសជាសមាជិក និងប្រទេសដទៃទៀតលើបញ្ហានយោបាយ សនិ្តសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងបញ្ហាសិទ្ធិមនុស្សក្នុងកម្រិតសកលលោក តំបន់ និងអនុតំបន់។ ផ្អែកលើចក្ខុវិស័យ និងការប្តេជ្ញាចិត្តនៃចលនាមិនចូលបក្សសម្ព័ន្ធសម្រាប់អនាគតរបស់មនុស្សជាតិ សមាជិក NAM ទាំងអស់ត្រូវជឿជាក់លើចំណេះដឹងរួមគ្នា និងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរក្នុងចំណោមបណ្តាប្រទេសកំពុងអភិវឌ្ឍក្នុងបរិបទនៃពហុភាគីនិយម៕