សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានជំរុញក្រុមការងារសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភា ដែលជាជំនួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រកបដោយតម្លាភាព គណនេយ្យភាព ធានាដល់គុណភាព និងបញ្ចប់ការសាងសង់បានទាន់ពេលវេលា ដើម្បីរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឆ្លើយតបតម្រូវការរបស់រដ្ឋសភា។
ការជំរុញរបស់សម្តេចរដ្ឋសភាធិបតីបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។
សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា សង្ឃឹមថា អគារនេះនឹងសាងសង់ចប់ជាស្ថាពរតាមកាលកំណត់ មានគុណភាពល្អ រឹងមាំ មានសោភ័ណភាព និងប្រើប្រាស់បានឱ្យមានប្រសិទ្ធិភាពខ្ពស់ស្របតាមតម្រូវការ ហើយសម្តេចជឿជាក់ថា អគារដ៏ស្កឹមស្កៃនេះនឹងក្លាយជានិមិ្មតរូបនៃចំណងមិត្តភាពនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម។
សូមជម្រាបថា អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា មានតម្លៃសំណង់ប្រមាណ ២៥លានដុល្លារ ជាជំនួយរបស់វៀតណាម ត្រូវបានរៀបចំពិធីចុះបឋមសិលាសាងសង់ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពសម្តេច ហេង សំរិន អតីតប្រធានរដ្ឋសភា និងលោក ង្វៀង ស៊ួនហ្វុក អតីតប្រធានាធិបតីវៀតណាម។
អគាររដ្ឋបាលថ្មី នៃរដ្ឋសភា សាងសង់លើផ្ទៃដីទទឹង ២៧ម និងបណ្តោយ ៤៩ម កំពស់ ១២ជាន់ រាប់ពីជាន់ទី១ខាងក្រោមទៅ។ ប៉ុន្តែនៅក្រោមសំណង់លើដី ១២ជាន់នេះ បានសង់ចំណតរថយន្ត២ជាន់ទៀត ដែលអាចផ្ទុករថយន្តបានប្រមាណ ២៦០គ្រឿងជាបន្ថែមទៀត៕
អត្ថបទ៖ អក្ខរា