តារាសម្តែង ភីយ៉ា បង្ហាញពីសុភមង្គលគ្រួសារ ត្រៀមខ្លួនយកកូន និង វិធីសាស្រ្តចងចិត្តស្វាមីមិនឱ្យទៅណាឆ្ងាយ  !

តារាសម្តែង ភីយ៉ា មិនត្រឹមតែស្អាត ឆ្លាត និង ពូកែសម្តែងនោះទេ នាងថែមទាំងមានវិធីពិសេសមួយដែលចងចិត្តស្វាមីមិនឱ្យទៅណាឆ្ងាយពីផ្ទះ ដោយសារនាងមានក្បាច់ពិសេសមួយ ។ 

តារាសម្តែង ភីយ៉ា មានងារជាជំទាវទៅហើយ ប៉ុន្តែនៅតែធ្វើខ្លួនសាមញ្ញ ធម្មតាៗ ជាក់ស្តែងរាល់ពេលមានការជួបជុំ នាងតែងតែទៅចូលរួមមិនដែលខាន ។ តារាសម្តែង ភីយ៉ា បានឱ្យដឹងថា ឆ្នាំថ្មីនេះនាងត្រៀមយកកូនហើយ ដូច្នេះហើយទើបនាងផ្អាកមិនទទួលថតរឿងច្រើនដូចមុន ដើម្បីទុកពេលវេលា ថែសុខភាព និង ថែគ្រួសារ ។ 

អ្នកនាង ភីយ៉ា សង្ឃឹមថា បំណងប្រាថ្នាយកកូនឆ្នាំនេះរបស់នាងនិងស្វាមី នឹងបានសម្រេចដូចបំណងប្រាថ្នា ពីព្រោះគ្រួសារនាងចង់បានកូនច្រើននាក់ ដើម្បីបង្កើតគ្រួសារធំមួយ ។​

ស្របពេលដែលត្រៀមខ្លួនយកកូនដើម្បីជាចំណងដៃសម្រាប់គ្រួសារ តារាសម្តែង ភីយ៉ា ក៏បានបង្ហើបប្រាប់ពីវិធីចងចិត្តស្វាមីមិនឱ្យទៅណាឆ្ងាយថា នាងជាមនុស្សម្នាក់ដែលចូលចិត្តធ្វើម្ហូបញុំានៅផ្ទះ កម្រចេញទៅក្រៅណាស់ សូម្បីតែស្វាមីនាងក៏ពេញចិត្តនូវស្នាដៃរបស់នាង ប្រសិនបើមិនមានកម្មវិធីនៅ ក្រៅ គឺនាងចំអិនម្ហូបដោយខ្លួនឯង ញុំាជុំគ្រួសារ ជាពិសេសស្វាមីនាងចូលចិត្តញុំាសម្លម្ជុរគ្រឿង ស្នាដៃរបស់នាងតែម្តង ។ 

តារាសម្តែង ភីយ៉ា បានទទួលស្គាល់ផងដែរថា តាំងពីនាងសម្រេចចិត្តរៀបការមានគ្រួសារ គឺជីវិតរបស់នាងមិនលំបាកទៀតទេ ដោយសារនាងទទួលបានការស្រឡាញ់ ថ្នាក់ថ្នម មើលថែយ៉ាងកក់ក្តៅពីស្វាមី ដោយគាត់មិនឱ្យនាងលំបាកឡើយ មិនថា ទ្រព្យសម្បត្តិ លុយកាក់ គឺស្វាមីនាងផ្តល់ឱ្យគ្រប់បែបយ៉ាង ។ ស្វាមីថែមទាំងចង់ឱ្យនាងឈប់ពីសិល្បៈផងដែរ ដើម្បីនៅផ្ទះព្រោះខ្លាចនាងហត់ តែដោយសារក្តីស្រឡាញ់ និងការពេញចិត្តខាងវិស័យសិល្បៈ នាងបានសុំអង្វរស្វាមីថតរឿងយ៉ាងតិច ១ ដែរក្នុងមួយឆ្នាំ ៕