ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) រួមគ្នាជួសជុលពង្រឹងថ្មប្រាសាទជមដែលរងការខូចខាត ដូចជាបែកបាក់ និងពុកផុយចំនួនជាង ៧០០ដុំ ឱ្យមានភាពរឹងមាំអាចប្រើប្រាស់ឡើងវិញបាន មុននឹងយកដើម្បីយកទៅរៀបដាក់នៅទីតាំងដើម ខណៈនេះដែលក្រុមការងារទាំង២ កំពុងជួសជុលយ៉ាងយកចិត្តទុកដាក់។
អ្នកស្រី នឿង ភីរ៉ា បុគ្គលិកបច្ចេកទេសទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចំនួនថ្មប្រាសាទជម ដែលរងការខូចខាត បាក់បែកត្រូវការតភ្ជាប់ថ្មថ្មី និងយកបំណែកថ្មដែលបាក់បែកមកផ្គុំតគ្នាឡើងវិញ និងមួយចំនួនទៀតត្រូវធ្វើការពង្រឹងទៅតាមបច្ចេកទេសដើម្បីយកទៅប្រើប្រាស់ឡើងវិញ សរុបមានចំនួនពី៦០០ដុំទៅ៧០០ដុំ។ មកដល់បច្ចុប្បន្ននេះ ក្រុមការងារបានជួសជុល តភ្ជាប់ ពង្រឹងថ្មឱ្យមានគុណភាពអាចប្រើការបានជាង៤៨៩ដុំហើយ និងយកទៅរក្សាទុកនៅឃ្លាំងនៅក្បែរការដ្ឋានជួសជុលប្រាសាទជម ដើម្បីឱ្យក្រុមអ្នកជួសជុលយកទៅប្រើប្រាស់រៀបដាក់ទីតាំងដើមជាបន្តបន្ទាប់។
អ្នកស្រី ភីរ៉ា ឱ្យដឹងទៀតថា ដំណាក់កាលដំបូង មុននឹងយកថ្មមកជួសជុល គឺត្រូវត្រួតពិនិត្យការខូចខាតនៃថ្ម ដើម្បីរៀបចំជាឯកសារបច្ចេកទេស និងថតរូប។ ដំណាក់កាលទី២ យកថ្មទាំងនោះមកសម្អាតជាមួយនិងទឹកគ្មានជាតិរ៉ែនូវផ្ទៃដែលត្រូវតភ្ជាប់។ ក្រោយពីសម្អាតរួចរាល់ ប្រើម៉ាស៊ីនUltrasonic Pulse Velocity Measurement Instruments ពិនិត្យមើលគុណភាពថ្ម ដើម្បីដឹងពីគុណភាព ដែលអាចប្រើចំនួន និងទំហំនៃដែកឬពន្លួញពេលជួសជុលតភ្ជាប់គ្នា។ ដំណាក់កាលទី៣ បំពេញថ្មថ្មីនៅកន្លែងដែលបាក់បែកបាត់បង់ថ្មនៃផ្នែកណាដែលចាំបាច់។ ដំណាក់កាលទី៤ បិទបំពេញបាយអរជុំវិញថ្នេរដែលបានតភ្ជាប់។
អ្នកជំនាញរូបនេះ បន្តថា ការងារនេះមានការពិបាកជាខ្លាំង ត្រូវការអត់ធ្មត់ និងផ្ចិតផ្ចង់ធ្វើយ៉ាងណា កុំឱ្យប៉ះពាល់ខូចខាតដល់ថ្មចាស់ទៅថ្ងៃក្រោយទៀត។ ក្នុងនោះដែរ អ្នកស្រី នឿង ភីរ៉ា បញ្ជាក់ថា ក្រៅពីថ្មជួសជុលប្រាសាទជម រាប់រយដុំ គឺក្រុមការងារបានជួសជុលថ្មមកពីការដ្ឋានជួសជុលនៅលានជល់ដំរីចំនួន២ទីតាំងថែមទៀតផង។ បើទោះបីយ៉ាងនេះក្តី ក៏ក្រុមការងារមានការសប្បាយ និងមោទនភាពដែលបានធ្វើការជាមួយបេតិកភណ្ឌពិភពលោកមានតម្លៃមិនអាចកាត់ថ្លៃបាន៕