យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងពីរសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃបានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប ៥១ករណី និងឃាត់ខ្លួនជនសង្ស័យបាន ១២០នាក់ដើម្បីចាត់ការតាមនីតិវិធី។ នេះបើតាមការឲ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល ក៏ដូចជាកម្រិតធ្ងន់បាននិងកំពុង តែធ្វើការជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ក្រោមការបញ្ជារផ្ទាល់ពី ស្នងការនគរបាលរាជធានីខេត្ត រហូតប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេសបានដាក់វិធានការបង្ការទប់ស្កាត់និងបង្ក្រាបក្រុមក្មេងទំនើងដែលមួយចំនួន បានសង្កេតឃើញថាបានបង្កើតជាក្រុមនៅតាមភូមិ ឃុំ សង្កាត់ និងគ្រឹះស្ថានអប់រំរដ្ឋ ឯកជនមួយចំនួន។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងរូបនេះ បញ្ជាក់ទៀតថា ករណីបង្ក្រាបក្មេងទំនើង គឺជាចំណុចអាទិភាពមួយ ដែលត្រូវដោះស្រាយនៅទូទាំងប្រទេសក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផៃ្ទ តាមទស្សនៈ អ្វីៗធ្វើដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។
លទ្ធផលនៃចំណាត់ការពីមួយសប្តាហ៍ទៅមួយសប្តាហ៍គឺត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី តែងក្រើនរំលឹក ភ្ជាប់នឹងការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច អាជ្ញាធរ ប្រជាការពារ និងតួអង្គពាក់ព័ន្ធទាំងអស់ ព្រមទាំងជំរុញបន្តឱ្យធ្វើការយ៉ាងយកចិត្តទុកដាក់បន្ថែមទៀតដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ ម្ចាស់ការតាមតួនាទីភារកិច្ច ដោយឆ្លើយតបឱ្យបានលឿនរហ័ស និងទាន់ពេលវេលាតបទៅនឹងបទល្មើសនានា។ ក្នុងនោះ ក៏មិនត្រូវភ្លេចអនុវត្តផែនការសកម្មភាពផ្សាព្វផ្សាយអប់រំ ទប់ស្កាត់បង្ការ គ្រប់យន្តការជាមុនផងដែរ៕