ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ បានជម្រាបប្រាប់ លោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្ត(ISU)អនុសញ្ញាអូតាវ៉ាថា កម្ពុជា បានត្រៀមខ្លួចរួចជាសម្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ និងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមកពី ១៦៤ ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន បានយកចិត្តទុកដាក់ និងផ្តល់នូវការវាយតម្លៃខ្ពស់ចំពោះភាពជាប្រធាន និងម្ចាស់ផ្ទះរបស់កម្ពុជា ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំ និងសម្រេចបង្កើតនូវគណៈកម្មការអន្តរក្រសួងរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល តាមរយៈអាជ្ញាធរមីន បានអំពាវនាវឱ្យមានចូលរួមគាំទ្រដល់ដំណើរការនៃកិច្ចប្រជុំកំពូលនេះ ពីសំណាក់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ សប្បុរសជន វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំកិច្ចប្រជុំកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍នានា ទទួលបានជោគជ័យ។
ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីវឌ្ឍនភាពនៃដំណើរការរៀបចំ និងការអនុវត្តកាតព្វកិច្ចនានាក្នុងនាមកម្ពុជាជាប្រធាននិងម្ចាស់ផ្ទះ ក្នុងនោះរួមមានការជំរុញសកលភាវូបនីយកម្មនៃសកម្មភាពមីនចំពោះ រដ្ឋមិនមែនភាគីមួយចំនួនក្នុងចំណោមប្រទេសមិនទាន់ជារដ្ឋភាគីទាំង ៣៣ ចូលជារដ្ឋភាគី។ ឯកឧត្តមទេសរដ្ឋមន្រ្តី គ្រោងនឹងដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយភាពជាម្ចាស់ផ្ទះ ជាមួយគ្រប់ភាគីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តសៀមរាប និងភ្នាក់ងារបម្រើសេវាកម្មទេសចរណ៍នានានៅខេត្តសៀមរាប ដើម្បីត្រៀមការពារសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដល់គណៈប្រតិភូមកពីជុំវិញពិភពលោក។
គណៈប្រតិភូនៃអង្គភាពគាំទ្រការអនុវត្ត(ISU)អនុសញ្ញាអូតាវ៉ា បានពាំនាំនូវការសាកសួរសុខទុក្ខ តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ព្រមទាំងបានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចគាំទ្រដល់ដំណើរការនៃកិច្ចប្រជុំអនុសញ្ញាឆ្នាំ២០២៤ ដែលកម្ពុជាធ្វើជាប្រធានដឹកនាំ និងម្ចាស់ផ្ទះ៕