ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា អ្នកសារព័ត៌មានអនឡាញ ពេលខ្លះរឿងគ្រោះថ្នាក់ចរាចរណ៍តូចតាច ហើយទៅទាញថតពីមុខពីក្រោយឲ្យកើតទៅជាជម្លោះ ដែលនេះជាការញុះញង់ឲ្យមានបទល្មើសកើតឡើង។ ក្នុងន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រមានអនុវត្តច្បាប់ចំពោះអ្នកសារព័ត៌មានអនឡាញទាំងនោះ ដែលមិនគិតពីសេចក្តីថ្លៃថ្នូរបុគ្គល។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ក្នុងស្រុក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ មានប្រសាសន៍ថា៖ “ខ្ញុំមើលឃើញច្រើនណាស់រឿងមិនគួរកើត ធ្វើឲ្យកើត នៅតាមដងផ្លូវពេលយប់ អញ្ចឹងទេខ្ញុំសុំឲ្យលះបង់ ហើយបន្ថយឥរិយាបទអ្វីដែលមិនសមរម្យតាមផ្លូវច្បាប់នេះ ហើយអ្វីដែលមុននឹងទាញយកមកផ្សព្វផ្សាយ វាយប្រហារ គិតអំពីផ្លូវច្បាប់សិនថា កិតិ្តយសក៏ផ្លូវច្បាប់ការពារដែរ។ សូម្បីតែថតរូប ថតសំឡេងគ្មានការអនុញ្ញាតក៏ច្បាប់ការពារដែរ”។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយចំនួន អ្នកសារព័ត៌មានអនឡាញថត live ផ្សាយប្រទាញប្រទង់ ក៏កើតទៅជាជម្លោះ ដែលជាចាត់ទុកថា ការញុះញង់ឲ្យមានបទល្មើសកើតឡើងហើយ។ ដូច្នេះ ក្នុងនាមជាអ្នកអនុវត្តច្បាប់ឯកឧត្តមបានបញ្ជាក់ថា នឹងយកមកកសាងសំណុំរឿង ថ្លឹងថ្លែងថាបទល្មើសនោះកើតឡើងដោយសារអ្នកណាអ្នកបង្ករ។
គួរកត់សម្គាល់ថា បច្ចុប្បន្ននេះ មានអ្នកសារព័ត៌មាននៅលើបណ្តាញសង្គម និងអ្នកសារព័ត៌មានអនឡាញមួយចំនួន បានចុះផ្សាយជាលក្ខណៈវីដេអូ និងLive ផ្ទាល់នូវសកម្មភាពគ្រោះថ្នាក់ចរាចរណ៍ ការប៉ុនប៉ងសម្លាប់ខ្លួន ជម្លោះគ្រួសារនៅតាមទីសាធារណៈ ដោយបង្ហាញអត្តសញ្ញាណជនរងគ្រោះ ជនសង្ស័យ ឬជនបង្កហេតុជារូបភាពច្បាស់ៗ។ សំណួរថាតើតើសកម្មភាពទាំងអស់នេះ ខុសក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ឬខុសច្បាប់ដែរឬទេ?
ជាការពិត នៅតាមបណ្ដាប្រទេសរីកចម្រើនមួយចំនួន សិទ្ធិឯកជនភាព និងកិច្ចគាំពារព័ត៌មាន ឬទិន្នន័យឯកជនមានសភាពរិតត្បិត និងតឹងរ៉ឹងខ្លាំង ព្រមទាំងមានការដាក់ទោស ទណ្ឌយ៉ាងធ្ងន់ធ្ងរ ក្នុងករណីមានការរំលោភបំពាន។
សម្រាប់កម្ពុជា, ក្រមព្រហ្មទណ្ឌ មាត្រា៣០១៖ អំពើស្តាប់ ឬថតសំដីដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយគ្មានការយល់ ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ២.០០០.០០០ រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មត់ជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះ បានទទួលដំណឹងអំពីការស្តាប់ ឬថត ហើយបុគ្គលនោះមិនបានជំទាស់ទេនោះ។
ដោយឡែក មាត្រា៣០២៖ អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ រៀល ទៅ ២.០០០.០០០ រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវសន្មត់ជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះបានទទួល ដំណឹងអំពីការថតហើយបុគ្គលនេះមិនបានជំទាស់ទេនោះ៕
អត្ថបទ៖ អក្ខរា