អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយស្រាយបំភ្លឺថា ការឃាត់ខ្លួនលោក ខឹម ចាន់វណ្ណៈ គឺធ្វើឡើងដោយមាន ពាក្យបណ្តឹង ពីជនរងគ្រោះ ០៣ នាក់ ពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។ ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាមកំហែង ធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ។
សេចក្ដីប្រកាសព័ត៍មានរបស់អ្នកនាំពាក្យនៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួល ពាក្យបណ្តឹងពីជនរងគ្រោះចំនួន ០៣នាក់ ប្តឹងឈ្មោះ ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិ គណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិខណ្ឌពោធិ៍សែនជ័យ ពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ របស់ពួកគាត់ដើម្បីចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនបម្រុងក្រុមប្រឹក្សា សង្កាត់ផ្សារថ្មីទី៣ របស់គណបក្សភ្លើងទៀន ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន ដែលបានប្រព្រឹត្តនៅរាជធានី ភ្នំពេញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមរយៈការផ្ដល់ភស្តុតាងពីសាមីជនរងគ្រោះទាំង ០៣រូប សមត្ថកិច្ចបានធ្វើកោសល្យវិច័យឃើញថា ពិតជាស្នាមមេដៃ និងហត្ថលេខាក្លែងបន្លំ។
ផ្អែកតាមលទ្ធផលកោសល្យវិច័យនេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចេញដីកាបញ្ហាឱ្យចូលខ្លួន លេខ ០២៥ អ.យ.ន ចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធ សំណុំរឿង ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនឈ្មោះ ខឹម ចាន់វណ្ណៈ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បញ្ជូនទៅតុលាការតាមនីតិវិធី នាថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤។ ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់គម្រាម កំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បដិសេធ និងច្រានចោលទាំងស្រុងការចោទ ប្រកាន់ទាំងបំពាន ដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន ដែលបានចុះផ្សាយ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤។ “សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមិនត្រូវមានការភាន់ច្រឡំចំពោះ ព័ត៌មានបំផ្លើសរបស់គណបក្សភ្លើងទៀនឡើយ”។ នេះជាការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕
អត្ថបទ៖ អក្ខរា