តារាសម្តែងជើងចាស់និងថ្មីប៉ះគ្នាលើកដំបូងក្នុងរឿង « អ៊ុំចនម៉ែដោះ » ក្រោមស្នាដៃអ្នកនិពន្ធល្បីឈ្មោះ ឆាយ បូរ៉ា 

តារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ , តារាកំប្លែង នាយកុយ និង អ្នកនាង ឌី សូនីត្តា បានប៉ះ គ្នាជាលើកដំបូងនៅក្នុងរឿង « អ៊ុំចនម៉ែដោះ » ក្រោមស្នាដៃអ្នកនិពន្ធល្បីឈ្មោះលោក ឆាយ បូរ៉ា ។ ក្នុងរឿងនេះមានទាំងឈុតឆាកបែបកំប្លែង សើចសប្បាយ និងឈុតឆាកបង្កប់ទៅដោយការអប់រំជាច្រើន ។ 

រឿង « អ៊ុំចនម៉ែដោះ » បានរៀបចំពិធីសម្ពោធដាក់បញ្ចាំងកាលពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៤ នេះ ដោយមានវត្តមានតំណាងខាងក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង សិល្បករសិល្បការិនីជាច្រើនចូលរួមអបអរសាទរ ជាក់ស្តែងគ្រាន់តែភាពយន្តនេះដាក់បញ្ចាំងនៅក្នុងថ្ងៃសម្ពោធ គឺទទួលបានការសរសើរយ៉ាងច្រើនពីសំណាក់អ្នកចូលរួម ។ 

« អ៊ុំចនម៉ែដោះ » គឺជាភាពយន្តថ្មីមួយដែលនិពន្ធ និងដឹកនាំរឿងដោយលោក ឆាយ បូរ៉ា ដែលម្ចាស់ផលិតកម្ម ដើមត្នោត និងជាផលិតករជើងចាស់ដែលមានស្នាដៃល្បីៗជាច្រើន លោកបានឱ្យដឹងថា រឿង « អ៊ុំចនម៉ែដោះ » គឺផលិតធ្វើឡើងយ៉ាងសម្រិតសម្រាំងបំផុត មានទាំងឈុតឆាកកំសត់ កំប្លែង និង ឈុតឆាកអប់រំ លោកសង្ឃឹមថា រឿងនេះនឹងមានអ្នកចូលរួមទស្សនាច្រើន ។ 

សម្រាប់តួអង្គសំខាន់នៅក្នុងរឿងនេះគឺតារាកំប្លែងនាយ កុយ ដែលត្រូវបានលោក ឆាយ បូរ៉ា ជ្រើសរើសធ្វើជាតួឯកធំតែម្តង ដោយលោកបានបន្លំខ្លួនធ្វើជាម៉ែដោះ ដើម្បីមើលការខុសត្រូវក្មេងៗនៅក្នុងគ្រួសារមួយដែលមានសមាជិកច្រើននាក់  ។ តារាកំប្លែងនាយ កុយ បានប្រាប់ថា ប្រលូកក្នុងសិល្បៈច្រើនឆ្នាំហើយ នេះជាលើកទី ២ ដែលលោកបានចូលរួមសម្តែងធ្វើជាតួឯក លោកពិតជាសប្បាយចិត្តខ្លាំងណាស់ មិននឹកស្មានថា បំណងប្រាថ្នារបស់ខ្លួនអាចនឹងក្លាយជាការពិតនៅពេលនេះទេ ។ 

រឿង « អ៊ុំចនម៉ែដោះ » មានការចូលរួមសម្តែងពីតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ , តារាកំប្លែង នាយ កុយ និង កញ្ញា ឌី សូនីត្តា ។ ទាំងតារាសម្តែង និង អ្នកដឹកនាំរឿងសុទ្ធតែរំពឹងថា ភាពយន្តថ្មីមួយនេះនឹងផ្ទុះខ្លាំងនៅពេលបញ្ចាំងជាផ្លូវការ ។

បើតាមគម្រោងរឿង   « អ៊ុំចនម៉ែដោះ » នឹងដាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៤ នៅគ្រប់រោងភាពយន្ត ។ បងប្អូនទស្សនិកជនដែលស្នេហាវិស័យភាពយន្ត កុំភ្លេចទៅចូលរួមទស្សនា និងគាំទ្រភាពយន្ត ខ្មែរ  ទាំងអស់គ្នា ។

គួររំលឹកផងដែរថា រឿង « អ៊ុំចនម៉ែដោះ » គឺជាស្នាដៃទី ២  របស់លោក ឆាយ បូរ៉ា បន្ទាប់ពីរឿង « លោកគ្រូប្រពន្ធល្អ »ដែលបានដាក់បញ្ចាំងកាលពីប៉ុន្មានឆ្នាំមុន ៕