សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។
លោក Nicolas Notebaert បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន VINCI និងអំពីគម្រោងនៃការពង្រីកវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងជំនួបនេះ លោកអគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន VINCI ទាំងអស់ បានសម្តែងនូវក្ដីរីករាយចំពោះ សុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជាដែលជាលក្ខខណ្ឌអំណោយផល ដ៏សំខាន់ដល់ការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលក្ខណៈគ្រប់បែបយ៉ាងចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូននៅកម្ពុជា ។
សម្តេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក Nicolas Notebaert ព្រមទាំងសហការី និងបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យអាកាសចរណ៍ស៊ីវិលជាង៣០ឆ្នាំ កន្លងមកនេះ។ សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនពង្រីកការវិនិយោគលើវិស័យសំខាន់ៗផ្សេងទៀតនៅកម្ពុជា ដើម្បីជាការរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
សូមជម្រាបថា VINCI Group ជាក្រុមហ៊ុន ឈានមុខគេលើការវិនិយោគ គម្រោងសម្បទាននៃគម្រោងថាមពល និងសំណង់ផ្សេងៗ ដែលមានសេវាកម្មធំៗចំនួន ៨ មានដូចជា៖ VINCI Autoroutes, VINCI Airport, VINCI Highways, VINCI Energies, VINCI Construction, VINCI Immobilier, Cobra IS និងផ្តល់សម្បទាន។ VINCI Group មានបុគ្គលិកសរុប ២៧២ ០០០នាក់ និងមាន ៧ ២៦៧សាខានៅលើពិភពលោក និងមាន ៧៤សាខានៅតំបន់អាស៊ាន ដោយក្នុងនោះ ក៏មានវត្តមាននៅកម្ពុជា ចំនួន ១០ទីតាំងផងដែរ។ សម្រាប់ក្រុមហ៊ុន VINCI Airports គឺជាបុត្រសម្ព័ន្ធរបស់ VINCI Group ដែលកំពុងប្រតិបត្តិការជាង ៧០អាកាសយានដ្ឋាន ក្នុងប្រទេសចំនួន ១៣នៅតំបន់អឺរ៉ុប អាស៊ី និងអាមេរិក៕