ក្រសួងមហាផ្ទៃព្រមានចំពោះគណបក្សនយោបាយមួយចំនួន ដែលពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៊ី ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលជាការបំពានច្បាប់ស្តីពីគណបក្សនយោបាយ។ព្រមានទុកជាមុននេះធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់គណបក្សនយោបាយចំនួន ៣ ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ និងមហិច្ឆតានយោបាយស្មោកគ្រោករបស់ខ្លួន ហើយគណបក្សកម្លាំងជាតិ ដែលជាគណបក្សទើបបង្កើតថ្មី បានចែករំលែកបន្តនូវសេចក្តីអំពាវនាវនេះ។
ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ស្តីពីគណបក្សនយោបាយ ពិសេស មាត្រា ៦ថ្មី(ពីរ) ដែលបានចែងអំពីសកម្មភាពដែលត្រូវបានហាមឃាត់ចំពោះគណបក្សនយោបាយ ក្នុងនោះ ចំណុចទី៧ នៃមាត្រានេះបានកំណត់ច្បាស់ថា “ការយល់ព្រមដោយចំហរ ឬដោយតុណ្ហភាព ឬឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍ នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន” គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដែលត្រូវបានហាមឃាត់។
យោងតាមមាត្រា ៤៤ថ្មី(ពីរ) នៃច្បាប់នេះ បញ្ញត្តិថា គណបក្សនយោបាយ ដែលប្រព្រឹត្តល្មើស អាចប្រឈមនឹងការផ្អាកសកម្មភាពប្រាំឆ្នាំ ឬប្រឈមមុខនឹងការរំលាយដោយតុលាការ។ ទន្ទឹមនេះ មាត្រា ៣៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ បានផ្តល់សមត្ថកិច្ចដល់ក្រសួងមហាផ្ទៃ ក្នុងការ ចាត់វិធានការដើម្បីផ្អាកសកម្មភាពគណបក្សនយោបាយនោះ ឬប្ដឹងទៅតុលាការ ដើម្បីរំលាយគណបក្សនយោបាយនោះចោល។
ក្រសួងមហាផ្ទៃ បានអំពាវដល់គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ សូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ដើម្បីចូលរួមប្រកួតប្រជែងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិប តេយ្យសេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ។
នៅក្នុងលិខិតបង្ហោះតាមហ្វេសប៊ុកពីទីក្រុងប៉ារីស ប្រទេសបារាំងទណ្ឌិល សម រង្ស៊ី បានអំពាវវជុំវិញការឃោសនាហែកទាញអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនចំនួនជាង២ពាន់នាក់ តាមរយៈឈ្មោះគណបក្សឆន្ទៈខ្មែរ និងគណបក្សកម្លាំងជាតិ។ទណ្ឌិតរូបនេះបានបញ្ជាក់ថា ឈ្មោះគណបក្សដែលអ្នកគាំទ្រកំពុងប្រទាញប្រទង់គ្នាមិនសំខាន់និងណែនាំឲ្យសហការគ្នាក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខែកុម្ភៈខាងមុខ ដោយចៀសវាងការប្រកួតប្រជែងគ្នានៅតាមភូមិភាគនីមួយៗដែលនាំឲ្យបរាជ័យទាំងអស់គ្នា៕
អត្ថបទ៖ អក្ខរា