ក្រសួងបរិស្ថាន រួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញវិធានការការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ និងក្រើនរំលឹកឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិត្រូវយកចិត្តទុកដាក់ទប់ស្កាត់ និងការពារកុំឱ្យមានភ្លើងឆេះព្រៃដោយប្រការណាមួយជាយថាហេតុ។
ក្នុងសេចក្តីជូនដំណឹងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ឲ្យដឹងថា ជារៀងរាល់ឆ្នាំ ធាតុអាកាសទូទៅនៅក្នុងប្រទេសកម្ពុជា នៅរដូវប្រាំងមានសភាពក្ដៅហួតហែង ស្ងួតខ្លាំង ជាកត្តាងាយបង្កនូវភ្លើងឆេះព្រៃ។ ក្រៅពីបាតុភូតធម្មជាតិដែលអាចបង្កឱ្យមានភ្លើងឆេះព្រៃ ប្រការដែលគួរំឱ្យព្រួយបារម្ភបំផុតនោះ គឺភ្លើងឆេះព្រៃដែលបង្កឡើងដោយសារសកម្មភាពរបស់មនុស្សផ្ទាល់។
កត្តាចម្បងដែល បង្កឱ្យមានភ្លើងឆេះព្រៃញឹកញាប់បំផុតនារដូវប្រាំង មានជាអាទិ៍ ការកាប់ឆ្ការដុតរានព្រៃដើម្បីដាំដំណាំកសិកម្មផ្សេងៗ ការធ្វើកសិកម្មពនេចរ ការទន្ទ្រានដីព្រៃដើម្បីតាំងលំនៅឋានខុសច្បាប់ ការទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ការដុតព ដើម្បីចាប់សត្វ ការបន្សល់ដើមភ្លើងនៅក្នុងព្រៃ ដោយការធ្វេសប្រហែសរបស់មនុស្ស។ល។
ក្រសួងទាំងពីរកត់សម្គាល់ថា ភ្លើងឆេះព្រៃជា រៀងរាល់ឆ្នាំបានបង្កឱ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុងតំបន់ការពារ ធម្មជាតិដែលអាចបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន។
ក្រសួងទាំងពីរបានបញ្ជាក់ទៀតថា អនុលោមតាមច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ស្តីពីជលផល ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរ ដែនដីគ្រប់ថ្នាក់ ត្រូវមានករណីយកិច្ចទទួលខុសត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃ ចូលរួមថែរក្សាជម្រកមច្ឆជាតិ ការពារ បង្ការ និងប្រយុទ្ធនឹងភ្លើងឆេះព្រៃលិចទឹក នៅតាមមូលដ្ឋានរៀងៗខ្លួន។
ជនណាដែលបានប្រព្រឹត្ត ឬបង្កឲ្យមានភ្លើងឆេះព្រៃ ឬភ្លើងឆេះព្រៃលិចទឹកដោយចេតនា ត្រូវផ្ដន្ទាទោសក្រោម បទល្មើសព្រៃឈើថ្នាក់ទី១ ឬបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី០៥ឆ្នាំទៅ១០ឆ្នាំ ឬពី០៣ឆ្នាំ ទៅ០៥ឆ្នាំ។ ដោយឡែក តាមមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានចែងថា ការបង្កឱ្យមានភ្លើងឆេះព្រៃ ដោយចេតនា ជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី០៥ឆ្នាំ ដល់១០ឆ្នាំ និងផាកពិន័យជាប្រាក់ពី១៥លានរៀល ដល់១៥០លានរៀល៕
អត្ថបទ៖ អក្ខរា