រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ចេញបកស្រាយបំភ្លឺអំពីករណីទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មានញុះញង់ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិ របស់ភ្ញៀវទេសចរប៉ុន្មាននាក់ អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) មកបង្ហោះភ្ជាប់ជាមួយនឹងខ្លឹមសារ «ភ្ញៀវទេសចរណ៍អន្តរជាតិរិះគន់យ៉ាងចាស់ដៃទៅលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» ដែលធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំងដល់ការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ដែលតែងតែយក អតិថិជនជាធំ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់បំភ្លឺជូនសាធារណជនថា៖ ១. ការសរសេររិះគន់អំពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ដោយលើកយកការ បញ្ចេញមតិដែលមានកាលបរិច្ឆេទតាំងពីជាង២-៩ខែមុនមក ជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ពីព្រោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ទើបតសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តែប៉ុណ្ណោះ (ដែលមានរយៈពេលមិនដល់២ខែផង)។ ២. ការសរសេររិះគន់អំពីបុគ្គលិកអាកាសយានដ្ឋានសុំលុយធិបពីភ្ញៀវទេសចរ ជាការចោទប្រកាន់ដែលគ្មាន មូលដ្ឋាន។ ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាស្ថាប័នក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ យើងបានសហការជាមួយ ក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ដើម្បីណែនាំ ផ្សព្វផ្សាយ និងក្រើនរំលឹកបន្ថែមដល់បុគ្គលិក របស់អាកាសយានដ្ឋានទាំងអស់ឱ្យគោរពប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ វិជ្ជាជីវៈ និងគោលការណ៍ស្ដង់ដា ប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនក្នុងការផ្តល់សេវាដល់អតិថិជនឱ្យកាន់តែល្អប្រសើរ។ ៣. ចំពោះការរិះគន់ ឬការបញ្ចេញមតិ ដោយការផ្តល់ពិន្ទុ និងវាយតម្លៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរនេះមានកម្រិតផ្កាយប៉ុន្មាននោះ គឺមិនអាស្រ័យទៅលើអារម្មណ៍ និងការសន្និដ្ឋានដោយគ្មានមូល ដ្ឋាន និងប្រភពច្បាស់លាស់របស់បុគ្គលទាំងនោះឡើយ។ ៤. ការសរសេររិះគន់អំពីក្រដាសប្រាក់ដុល្លារ ដែលយកទៅចាយមិនដាច់ (អាចជាក្រដាសប្រាក់ចាស់ ឬមាន ស្នាមប្រឡាក់ ឬរហែក) បន្ទាប់ពីទទួលលុយអាប់ក្រោយពីបង់ថ្លៃតាក់ស៊ី ករណីនេះគឺគ្មានការពាក់ព័ន្ធ ដល់ការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ។ ៥. ការសរសេររិះគន់អំពីមន្ត្រីអន្តោប្រវេសន៍អាកាសយានដ្ឋានពាក់ព័ន្ធនឹងអំពើពុករលួយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានចេញសេចក្តីបំភ្លឺព័ត៌មាននេះ រួចហើយដែរ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវ ទេសចរប៉ុន្មាននាក់តាមបណ្តាញសង្គមតាំងពីមុនពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មកចុះផ្សាយដើម្បីវាយប្រហារលើអាកាសយានដ្ឋាននេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងកិច្ច ខិតខំប្រឹងប្រែងបម្រើអតិថិជនរបស់អាកាសយានដ្ឋានតែប៉ុណ្ណោះ៕
អត្ថបទ៖ អក្ខរា