ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានចេញវិធានការរឹតបន្តឹងការផ្សាយគ្រឿងស្រវឹង បន្ទាប់ពីបានសង្កេតឃើញមានការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងតាមរយៈស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទយ៉ាងគគ្រឹកគគ្រេង មានផ្តល់រង្វាន់ផ្សងសំណាងយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានធ្វើបទសម្ភាសជាមួយអ្នកត្រូវរង្វាន់ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត និងប្រើរូបភាពដើម្បីអូសទាញ ឱ្យប្រជាពលរដ្ឋ ជាពិសេសក្នុងស្រទាប់យុវជនឈ្លក់វង្វេងសេពគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ដើម្បីផ្សងយករង្វាន់ធ្វើឱ្យប៉ះពាល់ដល់អនាគតយុវជនកម្ពុជា ដែលជាទំពាំងស្នងឫស្សី។
តាមរយៈលិខិតជូនដំណឹងចេញនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានក្រើនរម្លឹក និងណែនាំគោលការណ៍ក្រមប្រតិបត្តិស្ដីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងរបស់ក្រសួងព័ត៌មានចំនួន
៤ចំណុចសំខាន់ៗ៖ ១. ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមស្មារតីសារាចរលេខ៤៩២ ព.ម.សរ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៤ ស្តីពីការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង របស់ក្រសួងព័ត៌មាន ២. ហាមផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងផ្តល់រង្វាន់ ដោយប្រើសកម្មភាពជំរុញ លើកទឹកចិត្ត ឬអូសទាញប្រជាពលរដ្ឋឱ្យឈ្លក់វង្វេងសេពគ្រឿងស្រវឹង ដើម្បីផ្សងសំណាងយករង្វាន់ និងពាក្យ ស្លោកដែលមានចរិតលើកទឹកចិត្តហួសហេតុពេក ៣. ហាមយកស្ត្រី និងអនីតិជនក្រោមអាយុ១៨ឆ្នាំ ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងដែលធ្វើឱ្យប៉ះពាល់ ដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ និង៤.រាល់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងតាមកញ្ចក់ទូរទស្សន៍គ្រប់ប្រភេទ សារព័ត៌មានតាម ប្រព័ន្ធអនឡាញ អាហ្វីស ប៉ាណូ LED Screen ផ្ទាំងផ្សាយពាណិជ្ជកម្មនានា ត្រូវដាក់សារព្រមាន ពិសាគ្រឿងស្រវឹងសូមកុំបើកបរ ឬ ពិសាដោយការទទួលខុសត្រូវ។
ចំពោះស្ពតពាណិជ្ជកម្មដែលមានលក្ខណៈដូចរៀបរាប់ខាងលើ ក្រសួងព័ត៌មានទុករយៈពេលសមស្រប ដើម្បីរៀបចំធ្វើការផ្លាស់ប្តូរ និងកែសម្រួលស្លុតផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងថ្មី សម្រាប់ ផ្សព្វផ្សាយដែលមិនប៉ះពាល់ដល់សីលធម៌សង្គម។ ក្នុងករណីម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ឬក្រុមហ៊ុនផលិត នាំចូល ចែកចាយ ឬក្រុមហ៊ុនផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងណាមួយ មិនអនុវត្តតាមលិខិតជូនដំណឹងនេះក្រសួងព័ត៌មាននឹងបញ្ឈប់ការផ្សាយស្តតពាណិជ្ជកម្មនោះ។ ចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយណាដែលល្មើសក្រសួងព័ត៌មាននឹងអនុវត្តតាមកិច្ចសន្យាដែលតម្កល់ទុកនៅក្រសួងព័ត៌មាន៕
អត្ថបទ៖ អក្ខរា