ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងថា “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នឹងផ្តោតលើបញ្ហាសំខាន់ៗចំនួនពីរ ទីមួយត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីផ្នែកអភិបាលកិច្ចនៅតាមសាលាជំនុំជម្រះ និងអង្គការអយ្យការអមសាលាជម្រះក្តីនានា និងទីពីរ ការពិនិត្យនិងដោះស្រាយភាពមិនប្រក្រតី នៅក្នុងចំណាត់ការសំណុំរឿង និងចំណាក់នៅក្នុងសម្រេចសេចក្តី របស់តុលាការ។
ឯកឧត្តមបញ្ជាក់ថា យុទ្ធនាការមួយនេះ នឹងក្លាយជាច្រកផ្លូវការមួយសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌ពិតប្រាកដ រងគ្រោះដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលារការ អាចដាក់ពាក្យបណ្តឹងអំពីភាពមិនប្រក្រតី ក្នុងចំណាត់ការរបស់តុលាការ ដើម្បីឲ្យយន្តការទទួលបន្ទុកនេះជួយត្រួតពិនិត្យ និងដោះស្រាយរកយុត្តិធម៌ជូន។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ នាទីស្តីការក្រសួងយុត្តិធម៌ ដើម្បីប្រកាសដាក់ឲ្យអនុវត្តនូវយុទ្ធនាការចំនួនពីរព្រមគ្នា គឺ “យុទ្ធនាការជំរុញ និងការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ” និង “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ”។
ឯកឧត្តមមានប្រសាសន៍ថា៖ “កន្លងទៅ មានបងប្អូនខ្លះគាត់ទទួលរងភាពអយុត្តិធម៌ គាត់បានបង្ហោះសារលើបណ្តាញសង្គម ពេលខ្លះគាត់ព្យាយាមរកច្រក ដើម្បីទាមទាររកយុត្តិធម៌ ទៅគ្រប់ទីកន្លែងទាំងអស់ ហើយបងប្អូនអ្នកសារព័ត៌មាន ក៏ក្លាយទៅជាភ្នាក់ងារអ្នកជួយទៅដល់ពួកគាត់ផងដែរ ដែលបាននាំរឿងទាំងអស់នោះមកដល់យើងខ្ញុំជាស្ថាប័នអនុវត្តដែលមានការពាក់ព័ន្ធ។ ប៉ុន្តែខ្ញុំសុំបញ្ជាក់ម្តងហើយម្តងទៀតថា កាលណាយើងនិយាយពីរឿងក្តីគឺមានភាគីយ៉ាងតិចពីរ ហើយភាគីនីមួយៗការពារផលប្រយោជន៍រៀងខ្លួន។ ដូច្នេះខ្ញុំចង់បញ្ជាក់ថា ពាក្យយុត្តិធម៌ ឬមិនយុត្តិធម៌ វាមិនចំណុះដោយការលើកឡើងរបស់ភាគីណាមួយទេ គឺវាចំណុះទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង”។
“ដូច្នេះតាមរយៈយុទ្ធនាការនេះ គឺយើងត្រូវបើកច្រកផ្លូវការមួយជូនទៅដល់បងប្អូនដែលគាត់យល់ឃើញថា គាត់រងភាពអយុត្តិធម៌ យើងចង់ដឹងថាគាត់រងភាពអយុត្តិធម៌តាមផ្លូវច្បាប់មែនដែរឬទេ?” ឯកឧត្តមបានបន្តថា ក្រសួងបានសិក្សាស្រាវជ្រាវលើសំណុំរឿងជាច្រើន ហើយបានបង្កើតជាគម្រោងមួយឈ្មោះថា អធិការកិច្ចគុណភាពយុត្តិធម៌ ដោយបានអនុវត្តការងាររយៈពេលជិត១ឆ្នាំ។ រាល់រឿងក្តីទាំងអស់ ដែលបានផ្សាយលើបណ្តាញសង្គម ឬបណ្តាញសារព័ត៌មានផ្សេងៗ ដែលជនរងគ្រោះស្រែកថាអយុត្តិធម៌ គឺនឹងត្រូវយករឿងទាំងអស់មកត្រួតពិនិត្យ ចុះអធិការកិច្ចដល់ទីកន្លែង ចង់ដឹងថារឿងនោះជាការពិតឬមិនមែនការពិត។ ឯកឧត្តមគូសបញ្ជាក់ថា “យើងត្រូវមានភាពស្មោះត្រង់ទាំងអស់គ្នាចំពោះការងារយុត្តិធម៌”។
សូមបញ្ជាក់ថា យុទ្ធនាការទាំង ២ ខាងលើ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ” ដែលកិច្ចការនេះត្រូវបានចាត់ទុកជាអាទិភាពនយោបាយដ៏សំខាន់មួយ ដែលត្រូវអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ក្នុងនោះ យុទ្ធនាការទី១ នឹងជួយលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាជន ប្រកបដោយភាពឆាប់រហ័ស ហើយយុទ្ធនាការទី២ នឹងជួយដោះស្រាយរកយុត្តិធម៌ឱ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់តម្លាភាព សុចរិតភាព និងភាពត្រឹមត្រូវនៅក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ៕
អត្ថបទ៖ អក្ខរា