ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្តេចបានចារឯកភាពឲ្យក្រសួងចំនួន ៥ ប្រឡងជ្រើសរើសមន្ត្រី ដើម្បីពង្រឹងស្ថាប័ន។ ការជ្រើសរើសមន្ត្រីក្នុងឆ្នាំ២០២៣កន្លងទៅ ដែលសម្តេចថា មាន ៦ស្ថាប័ន ក្នុងនោះ ក្រសួងកសិកម្មបានប្រឡងរួចហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងចំណោមវិធានការ៥ វិធានគន្លឹះទីមួយគឺការកំណែទម្រង់ និងបង្កើនប្រសិទ្ធភាពរដ្ឋបាលសាធារណៈ ក្នុងនោះមានការប្រឡងជ្រើសរើសមន្ត្រីថ្មីដែលបានអនុវត្តរួចហើយជាមួយក្រសួងកសិកម្មលើកទីមួយចំនួន ២៥០នាក់។ សម្តេចបន្តថា៖ “ឥលូវល្ងាចមិននេះ ខ្ញុំបានចារឯកភាពឲ្យ ៥ក្រសួងទៀតដែលនៅជំពាក់សម្រាប់រើសឆ្នាំក្របខណ្ឌ២០២៣ ដែលនៅសល់ ប្រឡងដែរ ព្រោះកាលយើងបង្កើតរដ្ឋាភិបាលថ្មីមាន ៦ ស្ថាប័នដែលត្រូវប្រឡង មានក្រសួងអប់រំប្រឡងពីរតង់ យើងប្រឡងមួយតង់ហើយ ក្រសួងសាធាណការ និងក្រសួងប៉ុន្មានទៀត។ ខ្ញុំរៀបចំនីតិវិធីថ្មីសិន ដើម្បីធ្វើ, ចឹងយើងនឹងបន្តទៀតដែលជារបត់ថ្មីដើម្បីពង្រឹងស្ថាប័ន”។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធី“សំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះសិស្ស ១ ៦៧៣ ជាសិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣ និងសិស្សចំនួន១៨នាក់ ជាសិស្សដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ សម័យប្រឡង៖ ២០ តុលា ២០២៣ ” នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ៕
អត្ថបទ៖ អក្ខរា