សម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញនូវទិសដៅការងារអាទិភាព ចំនួន ៤ ចំណុចបន្ថែមទៀត សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: អនុវត្តក្នុងរយៈពេល ២ ឆ្នាំខាងមុខ ជាអាទិ៍៖ ទី១. សិក្សាលទ្ធភាពដើម្បីបង្កើតទារកដ្ឋាន និងមតេ្តយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ-សហគ្រាស ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា ព្រមទាំងគិតគូរអំពីយន្តការនៃការកសាង, ការគ្រប់គ្រង, ការធានាគុណភាព និងការរក្សានិរន្តរភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍ទាំងអស់នោះ ដើម្បីឱ្យបងប្អូនកម្មករ-និយោជិតរបស់យើងដែលមានកូនតូចៗ ជាពិសេសរយៈពេល ៣ ខែ ក្រោយលំហែមាតុភាព អាចយកទារក ឬកូនតូចរបស់ខ្លួន ទៅផ្ញើនៅទារកដ្ឋានសហគមន៍បាន។ បន្ទាប់, នៅពេលកូនៗរបស់បងប្អូនកម្មករ-និយោជិតមានអាយុលើស ៣ ឆ្នាំ, គាត់អាចចូលសិក្សានៅក្នុងមត្តេយ្យសហគមន៍ដែលនៅកៀកនឹងរោងចក្រ-សហគ្រាស ដោយមានអ្នកថែទាំ ព្រមទាំងមានគ្រូមានជំនាញ និងអាជីពច្បាស់លាស់ សម្រាប់ផ្ដល់ការថែទាំ និងការអប់រំបឋមជូនទៅដល់កូនៗ របស់បងប្អូនកម្មករ-និយោជិត ។ ទី២. កែលម្អទីកន្លែងហូបបាយ ឬអាហារដ្ឋាន នៅតាមរោងចក្រ-សហគ្រាស ឱ្យបានសមរម្យសម្រាប់បងប្អូនកម្មករ-និយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែងហូបបាយ ឬអាហារដ្ឋាន សម្រាប់រោងចក្រ-សហគ្រាស ដែលត្រូវបង្កើតថ្មី ។ ទី៣. សិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរៗ នូវមធ្យោបាយដឹកជញ្ជូនកម្មករ-និយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងមានផាសុកភាពត្រឹមឆ្នាំ២០២៧ ។ ទី៤. រៀបចំកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់បងប្អូនកម្មករ-និយោជិត ទាំងក្នុង និង ក្រៅប្រទេស អាចទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និង កម្រិតជំនាញរបស់ខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបែបនេះ ក្នុងពិធីដាក់សម្ពោធជាផ្លូវការ ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ។
នេះគឺជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃកម្ពុជា ។ បងប្អូនកម្មករ និយោជិត ចំនួន ១១ ០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ចំនួន ៥ រួមមាន៖ ប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១ រោងចក្របង្គុំខ្សែភ្លើង ចំនួន ១ រោងចក្របរិក្ខារអេឡិចត្រូនិក ចំនួន១ រោងចក្រប៉ាក់លើសម្លៀកបំពាក់ ចំនួន១ និងរោងចក្រដំឡើងរថយន្ត និងបង្គុំខ្សែភ្លើង ចំនួន ១៕