សារព័ត៌មានអត់ច្បាប់ The Cambodia Daily និងមន្រ្តីសង្គមស៊ីវិលនៅកម្ពុជា បានរួមដៃសហការគ្នាផ្សព្វផ្សាយព័ត៌មានមួលបង្កាច់ និងបំភ្លៃការពិតជុំវិញការអនុវត្តច្បាប់ទៅលើលោក នី ណាក់។ សារព័ត៌មានបម្រើបរទេសមួយនេះ បានចុះផ្សាយថា ការចាប់ខ្លួនលោក នី ណាក់ ដោយសារតែលោកបញ្ចេញមតិរឿងចំនួនក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែ ការពិតនោះ គឺរូបលោក នី ណាក់ នេះ ត្រូវចាប់ខ្លួន ដោយសារតែសរសេរចោទប្រកាន់ខុសពីការពិតថា លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានដីសម្បទានពីរាជរដ្ឋាភិបាល។
សារព័ត៌មានអត់ច្បាប់ The Cambodia Daily ជាអ្នកចុះផ្សាយ រីឯ លោក ស៊ឹង សែនករុណា ដែលជាអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ជាអ្នកផ្តល់ការអត្ថាធិប្បាយទាំងងងើល ដោយមិនបានយល់ពីការពិត។ មែនទែនទៅ វាមិនមែនជាកំហុសលោក ស៊ឹង សែនករុណា ទាំងស្រុងនោះទេ ព្រោះរូបលោកអាចឆ្លើយទៅតាមការសួរសំណួរបែបប្រឌិតរឿងរបស់សារព័ត៌មានអត់ច្បាប់ The Cambodia Daily។
សារព័ត៌មានអត់ច្បាប់ The Cambodia Daily បានចុះផ្សាយទាំងបំពានបែបនេះថា«នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានចាប់ខ្លួនអ្នកជំនាញកសិកម្មលោក នី ណាក់ សាជាថ្មីដោយចោទពីបទបរិហារកេរ្តិ៍ និងញុះញង់ បន្ទាប់ពីសកម្មជនសង្គមរូបនេះសរសេរលើហ្វេសប៊ុកផ្ទាល់ខ្លួន រិះគន់ពីរបាយការណ៍ដែលក្រសួងការងារ ទើបនឹងចេញផ្សាយអំពីតួលេខរបស់ក្រុមហ៊ុនឯកជនដែលទើបបើកថ្មីនៅដើមឆ្នាំ២០២៤ នេះ»។ សារព័ត៌មានកញ្ចះបរទេសមួយនេះ បានចុះផ្សាយបន្តបែបនេះទៀតថា៖«មុនពេលសមត្ថកិច្ចចាប់ខ្លួន លោក នី ណាក់ បានសរសេរសារបង្ហោះលើហ្វេសប៊ុករបស់លោកថា សារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាល គឺហ្វ្រេសញូវ (Fresh News) បានផ្សាយថា ក្រុមហ៊ុនទើបបើកថ្មីនៅកម្ពុជាក្នុងឆ្នាំ២០២៤ មាន ១ម៉ឺនក្រុមហ៊ុន។ លោកក៏បានសរសេរបែបឌឺដងទៀតថា សង្ស័យតែគេរាប់តាំងពីក្រុមហ៊ុនលក់លៀសហាល ក្រុមហ៊ុនដើរសុំទាន និងក្រុមហ៊ុនលក់ថ្នាំញៀនដែរហើយមើលទៅ។ លោកបន្ថែមថា បើកច្រើន ប៉ុន្តែពេលបិទវិញ គេមិនរាប់ទេ»។
ការចុះផ្សាយបែបនេះ គឺជាខុសពីការពិតទាំងស្រុងតែម្តង។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ បានចេញមកបកស្រាយថា ការអនុវត្តច្បាប់លើបុគ្គល នី ណាក់ នេះ គឺដោយសារតែបុគ្គលនេះ បានបង្ហោះ និងចែកចាយព័ត៌មានមិនពិតលើបណ្តាញសង្គមឈ្មោះ Iman-KH ដោយសរសេរថា៖ «កាត់ដីឱ្យលោក ហេង សួរ ប្រហែលជាទុកសង់រោងចក្រ២,០០០ និងធ្វើការិយាល័យឱ្យក្រសួងការងារ ព្រោះឃើញគាត់ប្រាប់ថា ធ្វើការរហូតគ្មានថ្ងៃសៅរ៍ ឬអាទិត្យឡើយ»។ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីបានឃើញសារបែបនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការបញ្ជាក់ និងស្នើសុំឱ្យស្ថាប័នសារព័ត៌មានដែលបានផ្សាយព័ត៌មានមិនពិត ធ្វើការកែតម្រូវឡើងវិញ ព្រោះឈ្មោះ ហេង សួរ នោះ មិនមែនជាលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឡើយ។
ក៏ប៉ុន្តែ បើទោះបីមានការចេញមកបញ្ជាក់អះអាងបែបនេះក្តី ក៏បុគ្គលឈ្មោះ នី ណាក់ និងបក្ខពួក នៅតែបន្តធ្វើសកម្មភាពបង្ហោះ និងចែកចាយសំណេរដោយមានខ្លឹមសារថា៖ «តើលោក ហេង សួរ បានសាងស្នាដៃធំធេងអ្វីដល់ជាតិខ្មែរ បានជារដ្ឋាភិបាលកាត់ដីព្រៃផ្តល់ឱ្យធ្វើជាកម្មសិទ្ធិ? RIP ព្រៃឈើខ្មែរ»។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ អ្នកនាំពាក្យបានចាត់ទុកថា ការបង្ហោះសារទាំងនេះ គឺជាការមួលបង្កាច់ការពិតដែលមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោក ហេង សួរ រដ្ឋមមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប៉ុណ្ណោះ ប៉ុន្តែ ការបង្ហោះព័ត៌មានមួលបង្កាច់ការពិតម្តងហើយម្តងទៀត ដោយមិនព្រមធ្វើការកែតម្រូវឡើងវិញនេះ គឺជាចេតនាទុច្ចរិតក្នុងការធ្វើឱ្យមានភាន់ស្រឡំ និងញុះញង់ឱ្យមានការរើសអើងចំពោះលោក ហេង សួរ និងថ្នាក់ដឹកនាំ។ សម្រាប់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អំពើនេះ គឺជាបទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា បុគ្គលឈ្មោះ នី ណាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទ បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង ព្រមទាំង ការមិនរាងចាលក្នុងបទមជ្ឈឹម បន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ថ្ងៃទី១២ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣៕
ដោយ៖ ជម្ពូនុទ