ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពី ការរៀបចំភូមិគំរូ នៅតំបន់ជនបទនៃប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំ ឯកឧត្តមបានផ្ដល់អនុសាសន៍ណែនាំលើការរៀបចំ “ចលនាភូមិគំរូ” ឱ្យទទួលបានជោគជ័យ ដោយត្រូវរៀបចំភូមិគំរូផ្អែកលើបទពិសោធន៍ដែលបានអភិវឌ្ឍកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដូចជា៖ ១. នាយកដ្ឋានជំនាញទាំង ៤ នៃកម្មវិធីទី៣ ត្រូវរៀបចំរបាយការណ៍រួមស្ដីពី ភូមិគំរូ ដោយរួមបញ្ចូលនូវវឌ្ឍនភាពភូមិគំរូ ការរៀបចំបញ្ជីភូមិគំរូ និងការរៀបចំផែនទីភូមិគំរូនៅទូទាំងប្រទេស។ ២. ផ្អែកលើបទពិសោធន៍ដែលបានអភិវឌ្ឍកន្លងមក ត្រូវបែងចែកភូមិអភិវឌ្ឍន៍ជា ៣ កម្រិត (១) ភូមិជោគជ័យខ្លាំង (២) ភូមិជោគជ័យមធ្យម និង (៣) ភូមិជោគជ័យតិចតួច ៣. ត្រូវរៀបចំភូមិគំរូ ឱ្យមានលក្ខណៈ ៤ យ៉ាង (១) ភូមិគំរូដែលអាចដំណើរអភិវឌ្ឍន៍ដោយខ្លួនឯង (២) ភូមិគំរូអភិវឌ្ឍន៍ដោយមានចីរភាព និង (៣) ភូមិគំរូដែលអាចរីកចម្រើនជាលំដាប់ និង (៤)ភូមិគំរូដែលអាចយកជាគំរូសម្រាប់អនុវត្តបន្ត។ ៤. ត្រូវជ្រើសរើសភូមិគំរូថ្មីបន្ថែមទៀត ដោយពិនិត្យលើស្ថានភាពភូមិសាស្ដ្រតាមខេត្ត និងតាមតំបន់ ដែលនៅជិតទីផ្សារសម្រាប់កសិផល ជាពិសេសប្រជាពលរដ្ឋមានឆន្ទៈចូលរួមក្នុងការអភិវឌ្ឍ។ ៥. រៀបចំគម្រោង ឬ ផែនការប្លង់មេ នៃប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងផែនការអភិវឌ្ឍន៍សេចកិច្ច សង្គម និងវប្បធម៌ និងត្រូវរៀបចំសៀវភៅបន្ទុកសម្រាប់អនុវត្ត។ ៦. បង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍភូមិគំរូ និងត្រូវបង្កើនការចូលរួមពី មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត។ ៧. ជំរុញតាមដានត្រួតពិនិត្យ និងវាយតម្លៃពីប្រសិទ្ធភាពនៃការអភិវឌ្ឍ។ ៩. រៀបចំសិក្ខាសិលាពិគ្រោះយោបល់ស្ដីពី ការរៀបចំភូមិគំរូ ជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ និង១០. រៀបចំដាក់បញ្ចូលការរៀបចំភូមិគំរូ ទៅក្នុងផែនការយុទ្ធសាស្ដ្រ ឆ្នាំ២០២៥ និងក្នុងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥ -២០៣៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានឲ្យដឹងថា នៅបរិបទនៃកម្ពុជា ភូមិគំរូគឺជា “សហគមន៍ដែលមានសន្ដិសុខ សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ កម្រិតជីវភាពសមរម្យ អ្នកភូមិមានការចូលរួមសកម្មភាពអភិវឌ្ឍន៍ក្នុងភាពជាម្ចាស់ គិតពីផលប្រយោជន៍រួម ក្នុងការឆ្ពោះទៅរកគោលដៅរួមរបស់សហគមន៍ និងមានការអភិវឌ្ឍប្រកបដោយចីរភាព” ដើម្បីលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយត្រូវបានកំណត់ដោយលក្ខណៈវិនិច្ឆ័យចំនួន ៦ ចំណុច រួមមាន៖ អភិបាលកិច្ចល្អ, ការអប់រំ និងធនធានមនុស្ស,សុខភាព និងបរិស្ថានរស់នៅ, ជីវភាពរស់នៅ, ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ, និងបច្ចេកវិទ្យា៕
អត្ថបទ៖ អក្ខរា