សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសាររំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន ព្រមទាំងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ ជាច្រេីនរបស់ប្រជាជន និងរដ្ឋាភិបាលប្រទេសជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដី កាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ។
ក្នុងសារលិខិត សម្តេចធិបតី បានលើកឡើងថា៖ “ខ្ញុំមានអារម្មណ៍សោកស្ដាយជាខ្លាំងដែលបានដឹងពីជនរងគ្រោះ និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធដែលបណ្តាលមកពីការរញ្ជួយដីដ៏ធំដែលបានវាយប្រហារខេត្ត Ishikawa នៅថ្ងៃចូលឆ្នាំថ្មី។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខ និងអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសអ្នកដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ។ ខ្ញុំក៏សូមជូនពរឱ្យអ្នករបួសឆាប់ជាសះស្បើយ និងពេញលេញផងដែរ”។
សម្តេចធិបតីមានទំនុកចិត្តថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់ថ្នាក់ដឹកនាំជប៉ុន រួមជាមួយនឹងក្រុមជួយសង្គ្រោះជប៉ុនដ៏ឧស្សាហ៍ព្យាយាម និងអាជ្ញាធរមូលដ្ឋាន ប្រទេសជប៉ុននឹងអាចយកឈ្នះលើគ្រោះមហន្តរាយនេះបានយ៉ាងឆាប់រហ័សដោយភាពធន់។
ទន្ទឹមនេះ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ផ្ញេីសារលិខិតរំលែកទុក្ខគោរពជូនឯកឧត្ដម NUKAGA Fukushiro ប្រធានសភាតំណាងរាស្ត្រនៃប្រទេសជប៉ុន ចំពោះដំណឹងដ៏សោកសៅ អំពីការបាត់បង់ជីវិត ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិយ៉ាងធំធេង ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាជនជាច្រើន គ្រួសារ ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិរញ្ជួយដី នៅភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤។
ដោយឡែក ប្រជាពលរដ្ឋខ្មែរជាច្រើន ក៏បានបង្ហោះសារលើបណ្តាញសង្គមនានា បង្ហាញសមានចិត្តរបស់ខ្លួនអាណិតអាសូរ ចំពោះគ្រោះរញ្ជួយដីនៅប្រទេសជប៉ុន និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំក្នុងនាមជាពលរដ្ឋខ្មែរ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ញើសារយ៉ាងកក់ក្តៅ និងចូលរួមរំលែកទុក្ខ ក្រោយគ្រោះរញ្ជួយដីនៅកោះណូតូ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤។ ស្ថានទូតសង្ឃឹមថា ប្រតិបត្តិការជួយសង្គ្រោះ និងជំនួយនៅតំបន់រងគ្រោះនឹងប្រព្រឹត្តទៅដោយរលូន។
អាជ្ញាធរជប៉ុន បានបន្តរាយការណ៍ថា តួលេខអ្នកស្លាប់បានបន្តកើនដល់ ៧៨នាក់គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ខណៈមនុស្សច្រើនជាង ៥០នាក់ត្រូវបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កំពុងបាត់ខ្លួននៅឡើយ។ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ដែលបានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅនេះ ក៏ធ្វើឲ្យពលរដ្ឋជប៉ុនប្រហែល ២៩,០០០គ្រួសារ នៅខេត្ត Ishikawa ត្រូវគ្មានអគ្គិសនីប្រើប្រាស់ ហើយផ្ទះជាង ១១០,០០០ខ្នង នៅទូទាំង Ishikawa និងតំបន់ជិតខាងចំនួន ២ មិនមានទឹកសម្រាប់ប្រើប្រាស់៕
អត្ថបទ៖ អក្ខរា