រដ្ឋមន្ត្រីបរិស្ថាន ជំរុញឲ្យរោងចក្រទាំងអស់យកចិត្តទុកដាក់លើការបញ្ចេញសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញ និងគាំទ្រឱ្យរោងចក្រទាំងអស់បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្ត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការបញ្ចេញសំណល់រាវពីក្នុងរោងចក្រ ហើយការអនុវត្តនេះ គឺជាការចូលរួមជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីសម្រេចបាននូវភាពស្អាត តាមរយៈការបញ្ចេញសំណល់រាវដែលមិនមានសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ក្នុងពេលចុះពិនិត្យការបញ្ចេញសារធាតុរាវ និងត្រួតពិនិត្យឧបករណ៍ត្រួតពិនិត្យគុណភាពទឹក នៅរោងចក្រ WANSHENG (CAMBODIA)TEXTILE & LAUNDRY CO.,LTD ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងរោងចក្រ Guoao (Cambodia) Enviromental Engineering Co.,Ltd រួមទាំងសហគមសហគ្រាសដើម្បីគាំពារបរិស្ថាននៅកម្ពុជា ដែលស្ថិតនៅក្បែរព្រលានយន្តហោះពោធិ៍ចិតុង។

លោក សួរ ហុង ម្ចាស់រោងចក្រ ប្តេជ្ញានឹងចូលរួមចំណែកក្នុងភាពស្អាតរបស់កម្ពុជាជាមួយក្រសួងបរិស្ថាន ស្របតាមអ្វីដែលរដ្ឋមន្រ្តីបានយកចិត្តទុកដាក់ និងស្វែងយល់អំពីក្តី កង្វល់របស់រោងចក្រ ដើម្បីជួយរកដំណោះស្រាយធ្វើយ៉ាងណាឲ្យរោងចក្រមានដំណើរការទៅបានរលូន និងទទួលបាននូវផលចំណេញផង និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋកម្ពុជា។

គួររំលឹកថា កាលពីខែសីហា ឆ្នាំ២០២៣កន្លងទៅ ក្រសួងបរិស្ថានតម្រូវឱ្យរោងចក្រដែលបង្កឱ្យមានការបំពុលទឹកស្ទឹងសង្កែប្ដូរទីតាំងចេញឆ្ងាយពីស្ទឹងសង្កែយ៉ាងតិច១០គីឡូម៉ែត្រ និងពិន័យជាទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ ។
តាមរយៈសេចក្ដីជូនដំណឹង ក្រសួងបរិស្ថានបញ្ជាក់ថា ក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ទៀល (Phoenix Industrial) ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបង្ក ឱ្យមានការបំពុលទឹកស្ទឹងសង្កែ ធនធានជីវៈចម្រុះក្នុងទឹក និងការរស់នៅរបស់ពលរដ្ឋ៕

អត្ថបទ៖ អក្ខរា