វិស័យចំនួនបី រួមមាន វិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងបន្តនិន្នាការល្អ និងមានកំណើនក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤។
តាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៤ សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថានឹងសម្រេចបានកំណើនក្នុង រង្វង់ ៦,៦% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារអាម៉េរិក, ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើង ដល់ ២ ០៧១ ដុល្លារអាម៉េរិក បើធៀបនឹងប្រមាណ ១ ៩១៧ ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០២៣។
ការរំពឹងទុកនូវកំណើន ៦,៦% នេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជា៖ ទីមួយ វិស័យឧស្សាហកម្មត្រូវបានព្យាករថានឹងបន្តនិន្នាការកើនឡើង ក្នុងរង្វង់ ៨,៥% ក្នុងឆ្នាំ២០២៤ ពីប្រមាណ ៥,០% ក្នុងឆ្នាំ២០២៣ ដោយសារការរំពឹងទុកការងើបឡើងវិញនៃអនុវិស័យកាត់ដេរ ស្របពេលដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនរឹងមាំ ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។ អនុវិស័យកាត់ដេរ រំពឹងថានឹងមាននិន្នាការងើបឡើងវិញ ដោយសារការងើបឡើងវិញនៃតម្រូវការ សកល ជាពិសេសបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជា រួមមាន សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបជាដើម។
វិស័យទីពីរ គឺសេវាកម្ម ត្រូវបានព្យាករថា នឹងបន្តនិន្នាការល្អ ក្នុងអត្រាកំណើន ៦,៩% ក្នុងឆ្នាំ ២០២៤ ពីមូលដ្ឋានល្អក្នុងរង្វង់ ៨,១% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលក៏នឹងមានផលជះជាវិជ្ជមានដល់វិស័យ-អនុវិស័យគាំទ ផ្សេងៗទៀត រួមមាន អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ជាដើម។ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន បន្តនិន្នាការប្រសើរ ដោយសារការរំពឹងទុកការងើបឡើងវិញនៃភ្ញៀវទេសចរអន្តរជាតិ ស្របពេលដែលមានភ្ញៀវទេសចរជាតិក៏រំពឹងថានឹងបន្តកើនឡើង។
ចំណែកវិស័យទីបី គឺវិស័យកសិកម្ម រំពឹងថានឹងបន្តសម្រេចបានកំណើនល្អ ក្នុងរង្វង់ ១,១% ក្នុងឆ្នាំ ២០២៤ ធៀបនឹង ០,៩% ក្នុងឆ្នាំ ២០២៣ ដោយសារការបន្តនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែលអនុវិស័យចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព៕
អត្ថបទ៖ អក្ខរា