ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានអបអរសាទរ ឯកឧត្តម Thit Linn Ohn ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា ដែលចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ ក្នុងឱកាសដែលឯកឧត្តម ឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសមនិងជម្រាបលា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
ភាគីទាំងពីរបានគូសបញ្ជាក់ដោយពេញចិត្តចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-មីយ៉ាន់ម៉ា ដែលបានកសាងឡើងលើមូលដ្ឋានដ៏រឹងមាំនៃមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ជាពិសេសតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះជោគជ័យជាប្រវត្តិសាស្ត្ររបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេសកម្ពុជាឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ក៏ដូចជាដំណើរការប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដែលកំពុងបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងពេលឆាប់ៗខាងមុខ។ តាងនាមឱ្យរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ថវិកាជាជំនួយមនុស្សធម៌ វ៉ាក់សាំង សម្ភារៈបរិក្ខារពេទ្យជាច្រើនសន្ធឹកសន្ធាប់ដល់មីយ៉ាន់ម៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុង
ពេលកន្លងមក។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់សម្រាប់ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកម្ពុជាចំពោះទំនាក់ទំនងទ្វេភាគី និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយវិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងនាមជាមិត្តជិតស្និទ្ធ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា៕