យោងតាមលទ្ធផលទទួលបានពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាក់ពីការរកឃើញវីរុសបំប្លែងថ្មី ប្រភេទ Omicron JN.1 ចំនួន ៤ករណី ដែលបច្ចុប្បន្ននេះ អ្នកជំងឺទាំង ៤នាក់ បានទទួលការព្យាបាល ជាសះស្បើយទាំងអស់គ្នាហើយ ដោយបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល បញ្ជាក់ថា តាមចំណាត់ថ្នាក់របស់អង្គការសុខភាព ពិភពលោក i (WHO) បានបញ្ចាក់អំពីវីរុសបំប្លែងថ្មីប្រភេទ Omicron JN.1 នេះ មិនសូវមានសភាពធ្ងន់ធ្ងរទ គឺជាវីរុសបំប្លែងថ្មីដែលជាប្រភេទចាប់អារម្មណ៍ VOI ( Variant of Interest) មិនមែនជាវីរុសបំប្លែងថ្មីដែល ជាប្រភេទព្រួយបារម្មណ៍ VOC ( Variant of Concern) នោះទេ។
ទន្ទឹមនឹងនេះ ប្រព័ន្ធតាមដានជំងឺឆ្លងរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាល បានកត់សម្គាល់ពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ដោយតេស្ដរហ័សនៅក្នុងចំណោមអ្នកជំងឺដែលមក ទទួលសវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានាមានការកើនឡើង។
ក្រសួងសុខាភិបាល អំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីបង្ការនូវការចម្លង វីរុសបំប្លែងថ្មីនៃជំងឺកូវីដ-១៩៕
អត្ថបទ៖ អក្ខរា