ជារឿយៗតាំងពីអាណត្តិមុនៗមកម្លេះ ក្រុមប្រឆាំង និងបណ្តាញព័ត៌មានបរទេសរត់ចោលស្រុកមួយចំនួន ពិសេសវិទ្យុអាស៊ីសេរី កាសែត The Cambodia Daily ដែលស្ថិតក្រោមខ្សែញ៉ាក់ពីមេក្លោងមានមហិច្ឆតាចង់បំផ្លាញ់កម្ពុជាតែងតែប្រឌិតរឿងរ៉ាវប្លែកផ្សាយព័ត៌មានមិនពិតដោយចោទថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នករកស៊ីនៅក្នុងស្រុក។
ការណ៍នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “សមិទ្ធផលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” នាព្រឹកថ្ងៃពុធនេះបានផ្តាំទៅក្រុមប្រឆាំង ដែលកំពុងរត់ចោលស្រុក ហើយតែងតែប្រឌិតរឿងកុហកឥតឈប់ឈរនោះ កំពុងបោកប្រាស់ប្រជាពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុងតែធ្វើបាបប្រជាពលរដ្ឋ តាមរយៈការប្រឌិតព័ត៌មានមិនពិតឱ្យប្រជាពលរដ្ឋជឿ ដើម្បីតែកេងចំណេញផលប្រយោជន៍នយោបាយរបស់ពួកគេ។
ថ្មីៗនេះក្រសួងសេដ្ឋកិច្ចបានចេញមកទះកំភ្លៀងវិទ្យុ The Cambodia Daily រឿងប្រឌិតព័ត៌មានពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ដោយក្រសួងសេដ្ឋកិច្ចអះអាងថា ការផ្សាយថា រដ្ឋាភិបាលកម្ពុជា បានខ្ចីលុយចិន ៥ពាន់លានដុល្លារដើម្បីសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នោះគឺជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។
សេចក្តីបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ កាសែតបរទេសមួយនេះបានចុះផ្សាយលើគេហ ទំព័ររបស់ខ្លួន និងគណនីទំព័រហ្វេសប៊ុក «The Cambodia Daily Khmer» ដោយបានលើកឡើងថា «មានមន្ត្រីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាយព័ត៌មានថា រដ្ឋាភិបាលកម្ពុជាមិនមែនខ្ចីលុយចិនតែ ១៧០០ លានដុល្លារអាម៉េរិកសម្រាប់សាងសង់ព្រែកជីកហ្វូណនតេជោទេ ប៉ុន្តែបានខ្ចីលុយចិនដល់ទៅ ៥ពាន់ លានដុល្លារអាម៉េរិក ដើម្បីសាងសង់ព្រែកជីក និងកំពង់ផែនានា និងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចកម្ពុជា»៕