យោងតាមរបាយការណ៍ប្រចាំថ្ងៃក្នុងសប្ដាហ៍ចុងក្រោយ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២២ករណី និងឃាត់ខ្លួនជនសង្ស័យបាន ៤៦នាក់ ដើម្បីចាត់ការណ៍ទៅតាមនីតិវិធី។ នេះបើតាមការឲ្យដឹងពីលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
អ្នកនាំពាក្យរងរូបនេះ បានឲ្យដឹងទៀតថា ក្នុងរយៈពេល ១សប្ដាហ៍ គិតពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ យ៉ាងហោចណាស់មានជនសង្ស័យ ៣១០នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន ១៣៤ករណី។ តាមការសរុបរបាយការណ៍ប្រចាំសប្ដាហ៍, ជនសង្ស័យទាំង ៣១០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនទាំង ១៣៤ករណីនេះ ភាគច្រើនគឺក្នុងកម្រិតបទល្មើសធន់ល្មម ដោយសមត្ថកិច្ចនៅតែបន្តតាមដាន បំបែកសំបុក បណ្ដាញ និងមេក្លោងតាមជំនាញនិងច្បាប់។
ប្រភពដដែលបានបញ្ជាក់ថា មានករណីបង្ក្រាបទ្រង់ទ្រាយធំចំនួន៣ករណី របាយការណ៍នៅថ្ងៃទី២១ ខែធ្នូ ដែល២ករណីកើតនៅរាជធានីភ្នំពេញ និង១ករណីទៀតកើតនៅខេត្តព្រៃវែង។ នៅភ្នំពេញ សមត្ថកិច្ចចាប់គ្រឿងញៀន សរុបបាន ៦២,៨៤គីឡូក្រាម សារធាតុផ្សំ ៣៥៧,៩០គីឡូក្រាម និងឃាត់ខ្លួនជនជាតិវៀតណាម២នាក់ និងចិន៣នាក់។ សម្រាប់ខេត្តព្រៃវែងវិញ បង្ក្រាបទ្រង់ទ្រាយធំ បាន១ករណី ចាប់គ្រឿងញៀនបាន១,៩៩គីឡូក្រាម សារធាតុគីមីផ្សំ ១២,២៨គីឡូក្រាម ឃាត់ខ្លួនជនជាតិវៀតណាម ៣នាក់ និងខ្មែរម្នាក់៕
អត្ថបទ៖ អក្ខរា