ការពិត មាន សូនីតា និង តារាស្រី ហ៊ិន ច័ន្ទនីរ័ត្ន គឺជាមិត្តភក្តិស្និទ្ធស្នាលនិងគ្នាជាង ១០ ឆ្នាំមកហើយ ហើយពេលនេះ ហ៊ិន ច័ន្ទនីរ័ត្ន រៀបការមានស្វាមីហើយ ធ្វើឱ្យ មាន សូនីតា រមូលពោះចង់រៀបការឆាប់ៗដែរ បន្ទាប់ពីទទួលស្គាល់ពីចំណងស្នេហ៍ខ្លួនជាមួយបុរសម្នាក់ ។
ជួបជាមួយកញ្ញា មាន សូនីតា នៅក្នុងពិធីមង្គលការរបស់តារាសម្តែង ហ៊ិន ច័ន្ទនីរ័ត្ន កាលពីប៉ុន្មានថ្ងៃមុន មាន សូនីតា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត មិនចាញ់កូនក្រមុំឡើយ រហូតធ្វើឱ្យអ្នកនៅជុំវិញខ្លួននាងលាន់មាត់សរសើរគ្រប់ៗគ្នា ។ មាន សូនីតា បាននិយាយថា នាងពិតជារីករាយណាស់នៅពេលដែលឃើញ ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាមិត្តសិទ្ធស្នាលជាង ១០ឆ្នាំ រៀបការមានស្វាមីតាមបំណងប្រាថ្នា ពីព្រោះស្នេហារបស់ពួកគាត់ គឺបានឆ្លងកាត់នូវឧបសគ្គជាច្រើនទំរាំបានជួបគ្នា ពិតជាគួរឱ្យសរសើរពួកគាត់ខ្លាំងណាស់ ។
ទន្ទឹមនិងការចូលរួមក្នុងពិធីមង្គលការមិត្តភក្តិ កញ្ញា មាន សូនីតា នៅតែអះអាងថា នាងចង់រៀបការមានគ្រួសារឆាប់ៗដែរ គ្រាន់តែស្នេហានាង នៅពុំទាន់ច្បាស់លាស់ ដែលអាចដឹកដៃគ្នាចូលរោងការនៅក្នុងពេលនេះបាន ត្រូវរងចាំមួយរយៈពេលទៀតសិន ។
មាន សូនីតា នៅតែពុំទាន់បង្ហើបប្រាប់ពីពេលវេលារៀបការច្បាស់លាស់របស់ខ្លួនឱ្យមហាជនដឹងលឺនៅឡើយទេ បើទោះបីជាកន្លងមកនាងធ្លាប់បានប្រាប់ថា នឹងរៀបការនៅបំណាច់ឆ្នាំ ២០២៣ នេះក្តី ។ តែទោះជាយ៉ាងនេះក្តី នាងរំពឹងថា ពិធីមង្គលការរបស់នាង អាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខជាមួយបុរសដែលនាងស្រឡាញ់ ។
កញ្ញា មាន សូនីតា មិនត្រឹមតែជាតារាស្រីដ៏មានទេបកោលស្យសម្តែងល្អប៉ុណ្ណោះទេ នាងក៏ជាតារាដែលមានរូបសម្រស់ស្រស់ស្អាត និង មានមុខជំនួញជាច្រើននៅក្នុងដៃ ចុងក្រោយនេះនាងបានបោះទុនប្រាក់រាប់ម៉ឺនដុល្លារទៅលើអាជីវកម្មជាច្រើន ជាពិសេសថ្មីៗនេះ នាងទើបតែបោះទុនប្រាក់បន្ថែមរាប់ម៉ឺនដុល្លារដើម្បីធ្វើកម្មវិធីធំមួយ ជាមួយដៃគូរបស់នាងគឺលោក ម៉ានិត ។ មាន សូនីតា រំពឹងថាការងារថ្មីនេះ នឹងទទួលបានជោគជ័យ ពីព្រោះនាងបានដាក់ចិត្តដាក់កាយធ្វើការងារនេះខ្លាំងណាស់ ៕