ជនសង្ស័យជាជនជាតិចិនចំនួន១៦នាក់ ដែលបានប្រព្រឹត្តបទល្មើស លេងល្បែងស៊ីសង ត្រូវបានតំណាងអយ្យការជំនុំជម្រះតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ពោលគឺសំណុំរឿងនេះត្រូវអនុញ្ញាតឲ្យក្រុមជនសង្ស័យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែសំណុំរឿងត្រូវរង់ចាំចំណាត់បន្តរបស់ចៅក្រមស៊ើប។ នេះបើតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បើយោងតាមរបាយការណ៍សមត្ថកិច្ច, នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទីរសៀល សមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធការបើកលេងល្បែងស៊ីសង ដោយខុសច្បាប់ (លេងបៀម៉ាជាំងភ្នាល់ដាក់ប្រាក់) នៅចំណុចផ្ទះលេខ៥B ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ច រកឃើញភស្តុតាងដែលចាប់យកជាក់ស្ដែង រួមមាន៖ តុបៀរលងមាំជាំងចំនួន០៦តុ, ប្រាក់ដុល្លាចំនួន៣០០ដុល្លារ, ប្រាក់រៀលចំនួន២៨ម៉ឺនរៀល និងគ្រាប់បៀរមាំជាំងមួយចំនួន។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាននាំមកសាកសួរ នៅផ្នែកនគរបាលយុត្តិធម៌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕