អាជ្ញាធរអគ្គិសនីកម្ពុជា គ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ២០២៤ គឺរក្សាស្ថានភាពថ្លៃអគ្គិសនី និងរចនាសម្ព័ន្ធថ្លៃអគ្គិសនី ឱ្យនៅដដែលដូចឆ្នាំ២០២៣ ដោយគ្រាន់តែបន្ថយ អត្រាថ្លៃប្រើប្រាស់អានុភាព និងកែលំអលក្ខខណ្ឌនិងរចនាសម្ព័ន្ធថ្លៃខ្លះ ដែលមិនធ្វើឱ្យប៉ះពាល់ដល់អត្រាថ្លៃលក់របស់ អ្នកប្រើប្រាស់អគ្គិសនី។
អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា លើកលែងតែថ្លៃសម្រាប់អ្នកប្រើប្រាស់ មានដាក់ដំឡើងប្រភពពន្លឺព្រះអាទិត្យ ដាក់ផែនការឱ្យ អនុវត្តតាមការកំណត់នៅក្នុងបញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ២០២៣ ជាបណ្តោះអាសន្នសិន រហូតដល់អាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការកំណត់អត្រាថ្លៃប៉ះប៉ូវពីអ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ក្នុងក្របខណ្ឌនៃប្រកាស លេខ០១៥៩ រថ.ថកថ.ប្រក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងរ៉ែ និងថាមពល់ ស្តីពី “គោលការណ៍ សម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា” ជាផ្លូវការរួចរាល់ ទើបកំណត់ឱ្យអនុវត្តតាមអត្រាថ្លៃប៉ះប៉ូវ ពីអ្នកប្រើប្រាស់ដែលមានប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ដែលអាជ្ញាធរអគ្គិសនីកម្ពុជាបានកំណត់ សម្រាប់អ្នកប្រើប្រាស់គ្រប់ប្រភេទ ដែលទិញអគ្គិសនីពីបណ្តាញបញ្ជូនរង និងពីបណ្តាញ ចែកចាយមានប្រភពពីបណ្តាញ ជាតិរបស់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជន ដែលត្រូវអនុវត្តចំពោះថាមពំលប្រើប្រាស់ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤តទៅ តាមប្រភេទអ្នកប្រើប្រាស់ និងអត្រាថ្លៃលក់អគ្គិសនី៕
អត្ថបទ៖ អក្ខរា