សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឆ្លៀតឱកាសជួបក្រុមគ្រួសារយុវជន អន ផានិត នៅភូមិគ្រឹះក្រុងតាខ្មៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣
ក្នុងបណ្តាញសង្គមតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អូនស្រីនិងសាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។ ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថាឪពុក ម្តាយរបស់ផានិត ដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលៈបង់ដើម្បីកូននិងក្រុមគ្រួសារ។ ឯចៅផានិតវិញពិតជាក្មេងប្រកបដោយគុណធម៍និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA»។
សម្តេចតេជោ មានប្រសាសន៍បន្តថា ចៅស្រីដែលជាប្អូនរបស់ផានិតបាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកំរិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។ នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ផានិតសម្រាប់ការរៀនសូត្រនៅភ្នំពេញផងនិងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្មពីឪពុកម្តាយនៅឯស្រុកនិងកុំឱ្យឪពុកម្តាយបារម្មពីផានិតដែលរៀននៅភ្នំពេញ។
សូមបញ្ជាក់ថា បន្ទាប់ពីប្រលងជាប់និទ្ទេស A យុវសិស្ស អន ផានិត ដែលនៅក្នុងគ្រួសារមានជីវភាពក្រីក្របំផុតនោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គមនានា ធ្វើការផ្សព្វផ្សាយយ៉ាងព្រោងព្រាធពីការតស៊ូរៀនសូត្ររបស់យុវសិស្សរូបនេះ ដោយបង្ហាញពីការខ្វះខាតសព្វបែបយ៉ាង។
បន្ទាប់ពីឃើញក្នុងបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៅថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅបានប្រកាសយកសិស្សដែលប្រលងជាប់និទ្ទេស A អន ផានិត ពីខេត្តកំពតមកភ្នំពេញ ដើម្បីផ្គត់ផ្គង់ឲ្យរៀនបន្តនៅឧត្តមសិក្សា។ តាមរយៈសាជាសំឡេត សម្តេចតេជោបានចាត់ចែងឲ្យយុវជន អន ផានិត ដែលមានឪពុក ម្តាយ ជាជនពិការមកឲ្យស្នាក់នៅជាមួយទីតាំងអង្គរក្ស ផ្គត់ផ្គង់ការរៀនសូត្របន្ត ផ្គត់ផ្គង់មធ្យោបាយធ្វើដំណើរ ជួយផ្គត់ផ្គង់គ្រួសារ និងជួយបង់សងប្រាក់ជំពាក់ធនាគារដល់ផងដែរ៕