TOP NEWS: អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ពិសេស ពាក់ព័ន្ធនឹងសកម្មភាពព្រះធម្មវនវាសី ចន្ទមុនី

ប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់ សម្តេធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងបរិស្ថាន ដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតី បានបិទមិនឱ្យ ព្រះធម្មវនវាសី ចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត។

អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ ចេញសេចក្តីថ្លែងការណ៍លេខពិសេស បញ្ជាក់ជូន​សាធារណជនថា សម្តេចធិបតី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ពិនិត្យមើលសកម្មភាពគ្រូបារមីចូលរូបមួយចំនួនដែលកំពុងបំពុលសង្គម ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបានធ្វើឱ្យប៉ះពាល់ដល់តម្លៃសាសនា និងតម្លៃសង្គម។

ត្រង់ចំណុចនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា ប្រសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត មិនបានសំដៅទៅលើ ព្រះធម្មវនវាសី ចន្ទមុនី នោះឡើយ គឺចង់សំដៅទៅលើតែគ្រូបារមីចូលរូបមួយចំនួនប៉ុណ្ណោះ៕