លិខិតប្រកាសព័ត៌មានពីស្នងការខេត្តព្រៃវែង ពេលថ្មីៗកន្លងទៅ បានឲ្យដឹងថា មន្រ្ដីនគរបាលខេត្តព្រៃវែង ១១ នាក់ រកឃើញមានសារធាតុញៀន ហើយត្រូវបញ្ជូនទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លិខិតរបស់ស្នងការខេត្តព្រៃវែងបញ្ជាក់ករណីរកឃើញមន្រ្តីនគរបាលចំនួន១១នាក់ហើយមិនបណ្តេញចេញពីក្របខណ្ឌដូចការអះអាងរបស់លោក ឈឿន ប៊ុនឆន នោះត្រូវបានប្រជាពលរដ្ឋចាត់ទុកថា ទង្វើនេះហាក់ដូចជាផ្ទុយទៅនឹងគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
ស្នងការខេត្តព្រៃវែង លោក ឈឿន ប៊ុនឆន ធ្លាប់បានអះអាងនិងជាអ្នកស្នេីសុំធ្វើតេស្តមន្ត្រីក្រោមឱវាទ បេីរកឃេីញថាមានសារធាតុញៀន នឹងស្នេីសុំគោលការណ៍ថ្នាក់ដឹកនាំបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង។ ផ្ទុយទៅវិញ នៅពីក្រោយអ្វីដែលលោកស្នងការធ្វើគឺមិនដូចនិយាយ ព្រោះពេលតេស្តមន្ត្រីឃេីញសារធាតុញៀនបែជាសុំគោលការណ៍បញ្ជូនទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀនទៅវិញ។
នៅថ្ងៃទី២២ខែធ្នូនេះ លោកស្នងការខេត្តព្រៃវែងរូបនេះបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា ស្ងាត់យូរហើយ ‼️ នគរបាលខេត្តព្រៃវែងរកឃើញអ្នកប្រើប្រាស់គ្រឿងញៀន ១២ នាក់ មិនមែន ១១ នាក់នោះទេ! អ្នកទាំង១២នាក់នោះគឺអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត។
លោកថា បើរកឃើញនគរបាលក្នុងខេត្តរូបណាប៉ះពាល់លុយកាក់ជាថ្នូរលើកលែងទោសនគរបាលប្រើប្រាស់គ្រឿងញៀនទាំង១២នាក់នេះ នោះស្នងការខេត្តនឹងលាឈប់!! ពួកយើងខ្ញុំបានបំពញភារកិច្ចអស់ពីសមត្ថភាព តម្លាភាព និងយុត្តិធម៌រួចរាល់ហើយ ។ ប្រជាជន និងនគរបាលគឺស្មើភាព។
សូមជម្រាបថា ថ្មីៗនេះ ប្រមុខរាជដ្ឋាភិបាល និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រកាសចេញបទបញ្ជាឲ្យធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីនគរបាលក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ក្នុងករណីរកឃើញមានសារធាតុញៀន ត្រូវបណ្តេញចេញពីក្របខណ្ឌ ហើយចំពោះអ្នកជាប់ពាក់ព័ន្ធបទល្មើសគ្រឿងញៀនត្រូវដើរចេញឲ្យឆ្ងាយ៕