សមត្ថកិច្ចបង្ក្រាបករណីជួញដូរគ្រឿងញៀនចាប់ខ្លួនជនបរទេស ៤នាក់ និងរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជិត ៥០០គីឡូក្រាម

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេសចំនួន ៤នាក់ និងរឹបអូសគ្រឿងញៀន និងសារធាតុផ្សំជិត៥០០គីឡូក្រាម។ 

​មន្ត្រីជាន់ខ្ពស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២៣​នេះ​ថា​ ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០២៣​ កម្លាំង​ជំនាញ​ (​ក​១១)​​ បាន​ដំណើរការ​ស្រាវជ្រាវ​ បង្ក្រាប​ករណី​ជួញដូរ​ រក្សា​ទុក​គ្រឿងញៀន​ នៅ​ពីរ​គោលដៅ​ផ្សេង​គ្នា​ ទី​១៖​ នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ ភូមិ​ព្រែក​តាឡុ​ង​៣​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ ទី​២៖​ បុរី​មួយ​កន្លែង​ ក្នុងភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​ 

កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់៖ ១. ឈ្មោះ XIE JIE ភេទប្រុស ជនជាតិចិន កើតថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៦, ២.ឈ្មោះ LE MINH HUY ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី០៨ ខែមករា ឆ្នាំ២០០២, ៣.ឈ្មោះ TRAN NGOC PHAT ភេទប្រុស ជនជាតិវៀតណាម កើតថ្ងៃទី០៦ ខែមករា ឆ្នាំ២០០១ និង៤. ឈ្មោះ ZANG PEIPEI ភេទប្រុស ជនជាតិចិន កើតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៩០។ 

សម្រាប់វត្ថុតាងដែលចាប់យកបានរួមមាន៖ សារធាតុញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២៦ គីឡូក្រាម និង៤៦ក្រាម, សារធាតុញៀនមេតំហ្វេតាមីន (ICE) ទម្ងន់ ២៨ គីឡូក្រាម និង ៣៨០ក្រាម, សារធាតុញៀនកេតាមីន (Ketamine) ទម្ងន់ ៨៣២ ក្រាម, សារធាតុញៀននីមេតាហ្សេប៉ាម ទម្ងន់ ២ គីឡូក្រាម ៩៦៦ក្រាម។ សរុបគ្រឿងញៀន ទម្ងន់ ៥៨ គីឡូក្រាម និង២២៤ ក្រាម ជាមួយសារធាតុផ្សំបង្កើនបរិមាណ ទម្ងន់ ៣៣៦.៤០ គីឡូក្រាម និងសារធាតុមិនច្បាស់ ៣ គីឡូក្រាម និង៩៦៦ ក្រាម។ 

បច្ចុប្ប​ន្នជនសង្ស័យ និងវត្ថុតាងរឹបអូសបាន ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។

សូមជម្រាបថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឱ្យអស់។ ដោយទទួលបានបទបញ្ជានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងបង្ក្រាបឱ្យដល់ឫសគល់។ ជាក់ស្តែងរយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនធំៗ ជាច្រើនត្រូវបានបង្ក្រាប ជាមួយនឹងឧក្រិដ្ឋជនជាច្រើននាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ៕