នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអ្នកសារព័ត៌មានផ្សាយព័ត៌មានពិតដល់កប្រជាពលរដ្ឋ និងនាំយកព័ត៌មានដែលជាបញ្ហារបស់ប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបានទាន់ពេលវេលា។ សម្តេចធិបតីបានណែនាំបែបនេះ ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែធ្នូនេះ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)ធ្វើឡើងក្រោមប្រធានបទ«វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន»។
ក្នុងអង្គវេទិកាលើកទី២០នេះ សម្តេចធិបតី បានផ្ញើសារលិខិតផ្តល់អនុសាសន៍មួយចំនួនដើម្បីជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមាន អរិភាព ការបែកបាក់សាមគ្គីភាពជាតិ ដោយត្រូវ៖
១- បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើ ការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។
២-ផ្ដល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់ រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
៣- ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្ដែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បីរាជរដ្ឋាភិបាល ដោះស្រាយបញ្ហាចំគោលដៅមានប្រសិទ្ធភាព ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។
៤-ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។
៥-បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម។
៦- ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាង ការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិនិងបាត់បង់ទំនុកចិត្តពីសាធារណជន។
៧-បណ្តុះបណ្តាលសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានទាំងបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បី លើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។
សម្តេចនាយករដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ នឹងផ្តល់នូវលទ្ធផលប្រកបដោយផ្លែផ្កា ដើម្បីបន្តជំរុញអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនមួយកម្រិតថែមទៀត៕
អត្ថបទ៖ អក្ខរា