បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ ប្រកាសថា ឆ្នាំ២០២៤ ខាងមុខនេះ អង្គភាពជួរមុខនៃ ប.ស.ស. នឹងចុះស្រាវជ្រាវជាបន្ទាន់ចំពោះសហគ្រាសដែលមានប្រើកម្មករនិយោជិត ហើយមិនចុះបញ្ជីជាមួយ ប.ស.ស.។
ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងក្នុងកិច្ចប្រជុំផ្ទៃក្នុង ប.ស.ស. កាលពីនៅថ្ងៃទី១៨ ខែធ្នូថា ការរក្សាឱ្យបាននូវជំហរការពារផលប្រយោជន៍បងប្អូនកម្មករនិយោជិត តម្រូវឱ្យគ្រប់អង្គភាពពាក់ព័ន្ធនៃ ប.ស.ស. ជាពិសេសអង្គភាពជួរមុខទាំងអស់ ត្រូវបន្ដតាមដានឱ្យបានច្បាស់លាស់ នូវរាល់បញ្ហាមិនប្រក្រតីដែលកើតមានឡើងនៅតាមសហគ្រាស គ្រឹះស្ថាន មន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. និងត្រូវរកដំណោះស្រាយឱ្យបានទាន់ពេលវេលា សមស្របទៅតាមវិជ្ជាជីវៈរៀងៗខ្លួន ប្រកបដោយភាពទន់ភ្លន់ម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវខ្ពស់។ ជាពិសេសសម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ អង្គភាពជួរមុខនៃ ប.ស.ស. ត្រូវសហការគ្នាស្រាវជ្រាវជាបន្ទាន់ចំពោះសហគ្រាសដែលមានប្រើកម្មករនិយោជិតហើយមិនចុះបញ្ជីជាមួយ ប.ស.ស. ពិសេសសហគ្រាស គ្រឹះស្ថានដែលមិនអនុវត្តកាតព្វកិច្ចរបស់ខ្លួន ត្រូវចុះអង្កេត ពិនិត្យព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ ដើម្បីរៀបចំនីតិវិធីអនុវត្តទៅតាមច្បាប់ដែលបានកំណត់ ដើម្បីរក្សានូវអត្ថប្រយោជន៍របស់បងប្អូនកម្មករនិយោជិត។
អគ្គនាយក ប.ស.ស. ស្ដីទី ធ្លាប់បានឲ្យដឹងថា កន្លងមកមានសហគ្រាស គ្រឹះស្ថាន និងក្រុមហ៊ុនមួយចំនួន មិនបានអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដោយបានលាក់ចំនួនបុគ្គលិក ឬកម្មករនិយោជិត ដោយមិនប្រកាសឈ្មោះមក ប.ស.ស. ដើម្បីស្នើសុំចុះបញ្ជីចូលសមាជិក ប.ស.ស. ជាហេតុធ្វើឱ្យពួកគាត់ទាំងអស់មិនអាចទទួលបានការធានារ៉ាប់រងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដែលផ្ទុយពីច្បាប់ស្តីពីរបបសន្តិសុខសង្គម។
សូមជម្រាបថា ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលប្រើប្រាស់បុគ្គលិក ឬកម្មករ ចាប់ពីម្នាក់ឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជិកា មកក្នុងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។ ក្នុងករណីដែល ប.ស.ស. រកឃើញថា ម្ចាស់ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថាន ដែលកំពុងប្រើប្រាស់បុគ្គលិក ឬកម្មករ ហើយមិនបានចុះបញ្ជីមកក្នុង ប.ស.ស. នោះ ប.ស.ស. នឹងប្រើប្រាស់យន្តការ ចុះធ្វើអធិការកិច្ច ហើយបន្ទាប់ពីការចុះធ្វើអធិការកិច្ចរួចហើយ ក្រុមហ៊ុន ឬសហគ្រាស គ្រឹះស្ថានទាំងនោះ នៅតែមិនព្រមចុះបញ្ជីឱ្យបុគ្គលិក ឬកម្មកររបស់ខ្លួនទៀត នោះនឹងត្រូវរងការផាកពិន័យ តាមការកំណត់ ដូចមានចែងក្នុងច្បាប់ ស្តីពីរបបសន្តិសុខសង្គម៕
អត្ថបទ៖ អក្ខរា