សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពិនិត្យរៀបចំ​ឥណទាន​ឡើងវិញដើម្បីជួយ​វិស័យទេសចរណ៍​

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារ វីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី  បានប្រកាសលើកទឹកចិត្តដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងអស់​ ពិនិត្យរៀបចំ​ឥណទាន​ឡើងវិញដើម្បីធ្វើយ៉ាងណាងជួយ​ដល់វិស័យទេសចរណ៍​នៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍​នៅ​ខេត្តសៀមរាប ខណៈខេត្តនេះកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។

សម្តេចធិបតីមានប្រសាសន៍ថា៖ «ដើម្បីលើកស្ទួយវិស័យ​ទេសចរណ៍​នៅកម្ពុជាឲ្យកាន់តែរីកចម្រើន​ខ្លាំងក្លា​បន្ថែមទៀតនោះ ​មិនថា​ធនាគារវីង​ ឬធនាគារណានោះទេ គប្បី​ធ្វើការ ពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទានដល់វិស័យនេះ»។

ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានស្នើដល់បណ្តាធនាគារទាំង​អស់ពិនិត្យ​លទ្ធភាព​ក្នុងការផ្តល់​ឥណទាន​ទៅ​សហគ្រាស​ធុនតូច ​និង​ធម្យមផងដែរ ​ដើម្បី​ធ្វើ​យ៉ាង​ណាជួយ​សម្រាល​ស្ថាន​ភាព​របស់​សហគ្រាសទាំងនោះ​ឲ្យកាន់តែប្រសើរ ​និង​ដើម្បីជួយជំរុញដល់​ចរន្តសេដ្ឋកិច្ច​នៅកម្ពុជា​កាន់តែល្អជាងមុនផងដែរ៕