វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅប្រទេសជប៉ុន ជាភស្តុតាងថ្មីមួយទៀតបញ្ជាក់ពីសន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងនាមជាប្រជាជនខ្មែរ និស្សិត រ៉ិន សុធីប បានចេញវីដេអូខ្លីមួយនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីសម្ដែងនូវការអបអរសាទរចំពោះដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់ប្រមុខរាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុន។
និស្សិតរូបនេះ បានបង្ហាញមោទនភាព ចំពោះបេសកកម្មសម្តេចធិបតី នៅជប៉ុន ដោយបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ថ្វីត្បិតជាដំណេីរទស្សនកិច្ចរយ:ពេលខ្លី តែសម្តេចធិបតីបានចំណាយពេលវេលាយ៉ាងច្រេីន ជាមួយថ្នាក់ដឹកនាំ ប្រតិភូ ក៏ដូចជា មន្ត្រីជាន់ខ្ពស់ក្រុមហ៊ុនផ្សេងៗនៅជប៉ុន ដេីម្បីពិភាក្សាការងារ ពង្រីកទំនាក់ទំនង និងទាក់ទាញវិនិយោគិនជប៉ុន។
មិនតែប៉ុណ្ណោះ សម្តេចធិបតីក៏បានចំណាយពេលដ៏មានតម្លៃជួបសហគមន៍ខ្មែរនៅប្រទេសជប៉ុន ដេីម្បីសាកសួរសុខទុក្ខ ការរស់នៅធ្វេីការរបស់ប្រជាជនខ្មែរដែលរស់នៅប្រទេសជប៉ុនផងដែរ។ ពលរដ្ឋ ខ្មែរជប៉ុន បានអបអរសាទរ គាំទ្រ ដោយសេចក្តីស្រឡាញ់ពេញចិត្ត មានមោទនៈភាព និងរីករាយក្រៃលែង ចំពោះវត្តមាននាយករដ្ឋមន្ត្រីនៃកម្ពុជា។
និស្សិត ស្រីរូបនេះ បានបញ្ជាក់ថា “ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ មិនថារស់នៅកម្ពុជា ឬរស់នៅប្រទេសជប៉ុនទេ ពួកយើងស្រលាញ់ ប្រទេសជាតិ ពួកយើងចូលរួមជាមួយថ្នាក់ដឹកនាំ ក្នុងការការពារប្រទេសជាតិ ក៏ដូចជាការពារសន្តិភាពទាំងអស់គ្នា”។
គួរឲ្យដឹងថា និស្សិតស្រី រ៉ិន សុធីប កំពុងសិក្សាថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៣ ដែលកើតនៅក្នុងគ្រួសារក្រីក្រ គ្មានលទ្ធភាពបង់ថ្លៃសាលារៀននៅភ្នំពេញ។ សុធីប ទទួលបានអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា គ្រុប៕
អត្ថបទ ៖ អក្ខរា