សហរដ្ឋអាមរិកចាប់ផ្តើមប្រតិបត្តិការចម្រុះជាតិសាសន៍ថ្មី ដើម្បីការពារពាណិជ្ជកម្មនៅសមុទ្រក្រហម

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានប្រកាសពីការបង្កើតប្រតិបត្តិការចម្រុះជាតិសាសន៍ថ្មីមួយ ក្នុងគោលបំណងការពារពាណិជ្ជកម្មនៅតំបន់សមុទ្រក្រហម បន្ទាប់ពីរងការវាយប្រហារជាបន្តបន្ទាប់ ពីសំណាក់ក្រុមឧទ្ទាមហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់។

តាមរយៈសារព័ត៌មាន Nikkei Asia បានចុះផ្សាយថា លោក Lloyd Austin ដែលកំពុងធ្វើដំណើរទៅកាន់ប្រទេសបារ៉ែន ដែលជាទីស្នាក់ការកណ្តាលរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅមជ្ឈឹមបូព៌ានោះ បានលើកឡើងថាប្រទេសដែលចូលរួមក្នុងប្រតិបត្តិការជាមួយអាមេរិក មានដូចជាចក្រភពអង់គ្លេស បារ៉ែន កាណាដា បារាំង អ៊ីតាលី ហូឡង់ ន័រវែស សីស្ហែល និងអេស្ប៉ាញ។ មួយវិញទៀត ប្រទេសទាំងអស់នេះ នឹងធ្វើការល្បាតរួមគ្នានៅសមុទ្រក្រហមភាគខាងត្បូង និងឈូងសមុទ្រ Aden ។

លោក Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារថា៖ នេះជាបញ្ហាប្រឈមអន្តរជាតិ ដែលទាមទារឲ្យមានសកម្មភាពរួមគ្នា។ ដូច្នេះហើយ ខ្ញុំសូមប្រកាសអំពីការបង្កើត Operation Prosperity Guardian ដែលជាគំនិតផ្តួចផ្តើមសន្តិសុខពហុភាគីជាតិ ដ៏សំខាន់ថ្មីមួយ។

យ៉ាងណាមិញ ក្រឡេកមកកាន់ក្រុមហ៊ូធីវិញ ក្រុមនេះក៏មានចំណែកលូកដៃចូលទៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផងដែរ ពោលក្រុមហ៊ូធីបានវាយប្រហារលើនាវា ដែលធ្វើដំណើរតាមផ្លូវដឹកជញ្ជូនសំខាន់ៗ ហើយថែមទាំងបានបាញ់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលទៅលើអ៊ីស្រាអែល ចម្ងាយជាងមួយពាន់ម៉ាយ ពីតំបន់ឈរជើងនារដ្ឋធានីសាណា នៃប្រទេសយេម៉ែន។

ជាមួយគ្នានោះ ក្រុមហ៊ូធីបានគំរាមក្តែងៗ រាល់នាវាណាៗទាំងអស់ ដែលធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដោយមិនគិតពីសញ្ជាតិរបស់ពួកគេឡើយ ហើយក៏បានព្រមានក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិ ប្រឆាំងនឹងការដោះស្រាយជាមួយកំពង់ផែអ៊ីស្រាអែល។

គួរជម្រាបផងដែរថា ប្រហែល១៥% នៃចរាចរណ៍ដឹកជញ្ជូនពិភពលោក ជាធម្មតាឆ្លងកាត់សមុទ្រក្រហមនៃប្រទេសយេម៉ែន តាមប្រឡាយ Suez ដែលជាផ្លូវទឹកមានចម្ងាយធ្វើដំណើរតិចបំផុតរវាងអឺរ៉ុប និងអាស៊ី។ ប៉ុន្តែភាពចលាចលបានបង្អាក់ពាណិជ្ជកម្មតាមសមុទ្រក្រហម ខណៈក្រុមហ៊ុនដឹកជញ្ជូនបានបង្វិលចង្កូតប្តូរទិសដៅធ្វើដំណើរជុំវិញទ្វីបអាហ្វ្រិកជំនួសវិញ ជាហេតុបន្ថែមការចំណាយ និងពន្យាពេលក្នុងការធ្វើដំណើរ៕