ករណីគ្រោះថ្នាក់ចរចរណ៍បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ហើយបានធ្វើឱ្យបុរសម្នាក់បាត់បង់ជីវិតនោះ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។ នេះបើការឲ្យពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា ថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត១គ្រឿង ម៉ាក Jeep overland ពាក់ស្លាកលេខ ភ្នំពេញ 2CB-9963 បានបើកបុកជនរងគ្រោះជិះម៉ូតូបណ្ដាលឲ្យស្លាប់ កាលពីយប់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៣ ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសាក្សីបានឲ្យដឹងថា រថយន្ត Jeep Gladiator បើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរស ២នាក់ទៀតសង្ស័យស្ថិតក្នុងស្ថានភាពស្រវឹង បានបើកបរក្នុងល្បឿនលឿនដូចហោះបោះពួយទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្ចាស់ម៉ូតូខ្ទាតចេញពីម៉ូតូបែកក្បាលស្លាប់នឹងកន្លែង។
បន្ទាប់មកភាគីខាងម្ចាស់រថយន្តបានគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តរបស់ខ្លួននៅទីតាំងកើតហេតុ។ បើតាប្រភពសមត្ថកិច្ច អ្នកបើកបររថយន្តត្រូវបានគេសង្ស័យថាជាកូនប្រុសរបស់លោកស្រីសុខលីណាដែលមានឈ្មោះព្រហ្មវិចិត្រសុសក្ដា។ ក្រោយការកើតហេតុនេះ គ្រួសារជនបង្កបានទៅចូលបុណ្យសពជនរងគ្រោះថវិកាមួយចំនួន ដើម្បីសម្របសម្រួលឱ្យដកពាក្យបណ្ដឹងនេះវិញ។ ប៉ុន្តែ គ្រួសារជនរងគ្រោះ មិនយល់ព្រមដកពាក្យបណ្ដឹងឡើយ ដោយបានស្នើឱ្យមានការអនុវត្តតាមនីតិវិធីច្បាប់៕
អត្ថបទ៖ អក្ខរា