ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
រដ្ឋបាលជលផលអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់មកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្ដីជូនដំណឹងនេះ។ ទន្ទឹមនេះ រដ្ឋបាលជលផល សំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ជួយសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផលផលិតផលត្រីដោយរលូន តាមការគួរ៕
អត្ថបទ៖ អក្ខរា