អនុសេនីយ៍ឯក មាស ពិសិដ្ឋ ត្រូវបានស្នងការខេត្តកំពតស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដើម្បីលុបឈ្មោះចេញពីក្របខណ្ឌនគរបាលជាតិ ក្នុងតួនាទីជាអធិការរងក្រុងកំពត។
យោងតាមគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានសរសេរខ្លឹមសារថា អនុវត្តវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ បទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងអនុសាសន៍ណែនាំរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កងកម្លាំងដាច់ខាតមិនត្រូវប្រើប្រាស់ និងចែកចាយគ្រឿងញៀន ហើយត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋ។
ស្នងការដ្ឋាននគរបាលខេត្តកំពតនឹងគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពតដែលបានពាក់ព័ន្ធក្នុងការប្រើប្រាស់គ្រឿងញៀន ព្រមទាំងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកម្លាំងនគរបាលជាតិ។ នេះជាសារព្រមានដល់កងកម្លាំងទាំងអស់របស់ស្នងការរដ្ឋាននគរបាលខេត្តកំពត មិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀនដាច់ខាត។
សូមបញ្ជាក់ថា លោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ ជាមន្ត្រីនគរបាលទី៣ហើយ សម្រាប់ខែធ្នូ ឆ្នាំ២០២៣ ដែលត្រូវបានលោកស្នងការខេត្តកំពតអនុវត្តវិន័យ ០០៦ របស់កម្លាំងនគរបាលជាតិពាក់ព័ន្ធនឹងរឿងអាស្រូវគ្រឿងញៀន៕