រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឲ្យសិក្សាលទ្ធភាពផ្តល់សេវាអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងអត្តសញ្ញាណកម្ម តាមច្រកចេញចូលតែមួយនៅគ្រប់ថ្នាក់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) ណែនាំដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាលទ្ធភាពក្នុងការរៀបចំការផ្តល់សេវាអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងអត្តសញ្ញាណកម្ម តាមយន្តការច្រកចេញចូលតែមួយនៅគ្រប់ថ្នាក់ ពោលគឺថ្នាក់ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក ខណ្ឌ ថ្នាក់​ រាជធានី ខេត្ត និងនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ ការណែនាំនេះ ក្នុងពិធីបិទសិក្ខាសាលា​ផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន​ស្ថិតិអត្រានុកូលដ្ឋាន​និងអត្តសញ្ញាណកម្ម នារសៀលថ្ងៃសុក្រទី១៥​ ខែធ្នូ ឆ្នាំ២០២៣។

ឯកឧត្តមអភិសន្តិបណ្ឌិត​ ក៏បានផ្តល់ជូនអនុសាសន៍ដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដោយត្រូវផ្ដោតការយកចិត្តទុកដាក់បន្តសម្របសម្រួល សហការជាមួយ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការរៀប​ចំ​កិច្ចការអាទិភាពនានាបន្ថែមទៀតរួមមាន៖ ពិនិត្យកែសម្រួលសៀវភៅណែនាំស្តីពីការចុះបញ្ជីអត្រានុកូល​ដ្ឋាន ឱ្យស្របទៅនឹងខ្លឹមសារដែលបាន កំណត់ក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋាន គតិយុត្តក្រោមច្បាប់ ព្រមទាំងត្រូវរៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីអត្រានុកូលដ្ឋានគ្រប់ថ្នាក់ និង អ្នកពាក់ព័ន្ធនានា ឱ្យបានរួចរាល់មុនខែកក្កដា ឆ្នាំ២០២៤,​ ពិនិត្យ កែសម្រួលប្រព័ន្ធ និងនីតិវិធីផ្តល់សេវាចុះបញ្ជីអត្រានកូលដ្ឋាន ចុះបញ្ជីស្នាក់នៅ និងសេវា អត្តសញ្ញាណកម្មផ្សេងទៀត ដើម្បីធានាឱ្យការផ្តល់សេវាទាំងនេះកាន់តែមានភាពងាយស្រួល និង ឆាប់រហ័ស

សហការជាមួយក្រសួងផែនការ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិអត្រានុកូលដ្ឋាន ដោយត្រូវធានា​នូវភាពត្រឹមត្រូវ និងអាចជឿទុកចិត្តបាន ព្រមទាំងរក្សាការសម្ងាត់នូវព័ត៌មានឯកជន នៃបុគ្គលដែលបាន​កត់ត្រា និងរក្សាទុកនៅក្នុងបញ្ជីប្រជាជន បញ្ជីអត្រានុកូលដ្ឋាន បញ្ជីស្នាក់នៅ បញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងបញ្ជីអត្តសញ្ញាណបុគ្គលផ្សេងទៀត ដែលស្ថិតក្រោមច្បាប់នេះ។ សហការជាមួយក្រសួងសុខាភិបាល ដើម្បីពង្រឹងការអនុវត្តតួនាទីរបស់មូលដ្ឋានសុខាភិបាល ក្នុងការជូនដំណឹងអំពីកំណើតរស់ និងមរណភាពក្នុង និងក្រៅមូលដ្ឋាន​សុខាភិបាល និងតួនាទីមូលដ្ឋាន សុខាភិបាល ក្នុងការបញ្ជាក់វេជ្ជសាស្ត្រអំពីមូលហេតុនៃមរណភាព ស្របតាមស្មារតីនៃច្បាប់។ សហការជាមួយក្រសួងយុត្តិធម៌ ដើម្បីពង្រឹងការអនុវត្តតួនាទីរបស់ស្ថាប័នតុលាការរាជធានី ខេត្តក្នុង ការបញ្ជូនលិខិតជូនដំណឹងទៅមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច នៅពេលដែលតុលាការបានចេញ សាលក្រម ឬដីកាសម្រេចស្តីពីការលែងលះ ឬមោឃភាព និងការលុបអាពាហ៍ពិពាហ៍ ឬសាលក្រម ឬដីកាសម្រេចផ្សេងទៀត ស្របតាមស្មារតីនៃច្បាប់។ សហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងការបណ្តុះបណ្តាលបែបបទ និងនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋាន ដល់មន្ត្រីអត្រានុកូលដ្ឋាននៅតាមស្ថានតំណាងនៃកម្ពុជា ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានជូនដល់ពលរដ្ឋខ្មែរ ដែលរស់នៅឯបរទេស ស្របតាមស្មារតីនៃច្បាប់៕

អត្ថបទ៖ អក្ខរា