ភស្តុតាងបង្ហាញថា ការផ្សាយរបស់វិទ្យុ rfa ខុសពិការពិត និងមានចេតនាញុះញង់ឲ្យមានការភាន់ច្រឡំមកលើសមត្ថកិច្ច មន្រ្តីរាជការ និងថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ករណីចុះផ្សាយរបស់វិទ្យុ កាលពីវេលាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ថាមានការកាប់ឈើ ជាច្រើនដើម នៅក្នុងដនជម្រកសត្វព្រៃព្រះរការ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងគ្មានការអើពើអនុវត្តន៍ច្បាប់” គឺជាការបំផ្លើសខុសពិការពិតទាំងស្រុង។ ករណីនេះមន្ទីរបរិស្ថានខេត្តព្រះវិហារ បានធ្វើការបញ្ជាក់ថាមន្ត្រីឧទ្យានុរក្សបានលះបង់កម្លាំងកាយ ចិត្ត និងពេលខ្លះបានបូជាជីវិត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស មិនឱ្យកើតមានឡើងក្នុងតំបន់ការពារធម្មជាតិ ដែលខ្លួនគ្រប់គ្រងឡើយ។ នៅតាមបណ្តោយអូរស្កាច ស្រុកជាំក្សាន្ត នៃតំបន់ការពារព្រៃព្រះរការ ពុំមានប្រភេទឈើដែលមានមុខកាត់ធំរហូតដល់ ២ម៉ែត្រឡើយ។ តំបន់នេះមានប្រភេទដើមឈើទាលខ្លះ ដែលជាដើមច្បោះជ័រ និងមានប្រជាពលរដ្ឋ ចូលដងជ័រទឹករបស់ពួកគាត់ ហើយដើមឈើទាំងនោះត្រូវបាន ចូលរួមការពារយ៉ាងតឹងរឹងពីសំណាក់ប្រជាពលរដ្ឋ ដែលជាប្រភពចំណូលប្រចាំថ្ងៃរបស់ពួកគាត់។ ប្រសិនជាមានបទល្មើសទាំងនេះដូចវិទ្យុផ្សាយនោះ ក៏មិនអាចរួចពីការបង្រ្កាប ដោយកម្លាំងមន្ត្រីឧទ្យានុរក្ស ដែលជាឆ្មាំ ការពារសម្បត្តិធនធានធម្មជាតិជាក់ជាមិនខាន។
ម្យ៉ាងទៀតវិទ្យុ rfa តែងតែផ្សាយរាយការណ៍ព័ត៌មានបំផ្លើសការពិត ដោយយកប្រភពព័ត៌មានពីក្រុមដែលតែងអះអាងថាខ្លួនជាក្រុមយុវជនស្រឡាញ់ បរិស្ថាន យកមកធ្វើជាប្រ ភពដើម្បីរាយការណ៍ វាយប្រហារមកលើអាជ្ញាធរដែនដី មន្រ្តីឧទ្យានុរក្ស និងថ្នាក់ដឹកនាំក្រសួងបរិស្ថាន។ ខុសពិការពិត ត្រង់ថាកន្លងមកនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កំពុងបញ្ចេញថាមពល មានសមត្ថភាពគ្រប់គ្រាន់ ធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព។
ជាក់ស្តែង ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ជាអាទិភាព លើចីរភាពបរិស្ថាន ដោយមានចែងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាលក្ខខណ្ឌចម្បងមានចែងក្នុងបាវចនា «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងស្របតាមការដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលនាំនាវាបរិស្ថានកម្ពុជាឆ្ពោះទៅស្អាត បៃតង និងចីភាព។
ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព រួមមាន៖
១) ក្រសួងបរិស្ថានអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌អប់រំណែនាំ និងចុះកិច្ចសន្យា ហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។
២) ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដី ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ
៣) សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក
និង៤)ការដាំដើមឈើឱ្យច្រើនជាងការកាប់ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញការដាំស្តាព្រៃឈើ ជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។ តាមរយៈវិធានការនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤។
ក្រសួងបរិស្ថានសូមស្វាគមន៍ និងជំរុញឱ្យគ្រប់អង្គការដៃគូក្នុង និងក្រៅស្រុកទាំងអស់ រួមចំណែកការងារអាទិភាព របស់ក្រសួង ក្នុងនោះរាប់បញ្ចូលទាំងការដាំឬស្សី ដាំដើមត្នោត ឈានទៅសម្រេចទិសដៅរួម ជួយពង្រីកវិសាលភាពគម្របព្រៃឈើ និងជាពិសេសលើកទឺកចិត្ត ដល់ប្រជាពលរដ្ឋ ដែលចង់ចូលរួមចំណែកក្នុងការពារ និងអភិរក្សព្រៃឈើ បង្កើនជីវភាពប្រជាជន និងបានរួមចំណែកដ៏សំខាន់ ក្នុងការដោះស្រាយបញ្ហាសកលនៃការប្រែប្រួលអាកាសធាតុ៕